(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ទៅបំពេញបេសកកម្មនៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីជំរុញកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច និងផ្សព្វផ្សាយទាក់ទាញទេសចរមកកាន់កម្ពុជាបន្ថែម។
អំឡុងពេលបំពេញបេសកកម្មនេះ លោករដ្ឋមន្រ្តី ហួត ហាក់ នឹងចូលរួមកម្មវិធី «Fostering Tourism Growth and Cultural Exchange between China and Cambodia» ដែលរៀបចំដោយក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដើម្បីជំរុញកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញរំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរកម្ពុជា-ចិន និងស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនដ៏ធំមួយនេះ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ក្រៅពីនេះ លោករដ្ឋមន្ត្រីទេសចរណ៍ក៏នឹងមានជំនួបជាមួយវិស័យឯកជនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ នៅតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងនៅតំបន់ជុំវិញនោះ៕