(ញូវយ៉ក)៖ ប្រទេសកម្ពុជា បានជាប់ជាសមាជិកគណៈកម្មាធិការចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦។ នេះបើតាមសេចក្តីប្រកាសរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ តាមបណ្តាញសង្គមហ្វេសប៊ុក។
នាវេលាព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) អមដោយមន្ត្រីការទូត បានចូលរួមសម័យប្រជុំពេញ អង្គលើកទី៥៤ នៃមហាសន្និបាតអ.ស.ប.។ នៅក្នុងសម័ប្រជុំនេះ ប្រទេសចំនួនប្រាំ (៥) មាន កម្ពុជា ប្រេស៊ីល អេហ្សីប ម៉ារ៉ុក និងអ៊ូហ្កង់ដា ត្រូវបានជាប់ឆ្នោតឱ្យទៅបំពេញអាសនៈទំនេរចំនួនប្រាំនៅក្នុង គណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពរបស់អ.ស.ប. ថិតនៅក្រោមជម្រើសរបស់ មហាសន្និបាតអ.ស.ប.។ ប្រទេសទាំងប្រាំ នឹងចាប់ផ្តើមអាណត្តិការងាររបស់ខ្លួននៅក្នុងគណៈកម្មាការនេះសម្រាប់អាណត្តិពីរឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានបញ្ជាក់ថា ការជាប់ឆ្នោតរបស់កម្ពុជា ឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្តយ៉ាងមុតមាំពីសំណាក់សហគមន៍អន្តរជាតិនៅក្នុង ភាពជាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមចំណែករបស់កម្ពុជាចំពោះស្ថានប័នពហុភាគី។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានឱ្យដឹងទៀតថា ក្នុងតួនាទីថ្មីនេះ កម្ពុជាប្តេជ្ញាបំពេញការងារឱ្យកាន់តែសកម្ម និងបុរេសកម្មដើម្បីលើកកម្ពស់ប្រតិបត្តិការ រក្សាសន្តិភាព និងកិច្ចប្រឹងប្រែងកសាងសន្តិភាពជាមួយនឹងគោលដៅអាទិភាពឈានឆ្ពោះទៅសម្រេចឱ្យ បាននូវសន្តិភាពសកល និងការអភិវឌ្ឍប្រកបដោយចីរភាព៕