(ព្រះសីហនុ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានទំនាក់ទំនងភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការសម្រួលសេវាសាធារណៈ សណ្ដាប់ធ្នាប់ សន្តិសុខក្នុងខេត្តព្រះសីហនុ ត្រូវតែធ្វើឡើងឱ្យប្រសើរគួបផ្សំនឹងការទាក់ទាញអ្នកវិនិយោគ។
ការលើកឡើងបែបនេះ បានធ្វើឡើងនាឱកាសដែលលោកបណ្ឌិត អញ្ជើញចូលរួម «វេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ» ដែលមានការចូលរួមពីវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត ដែលរៀបចំឡើងនៅថ្ងៃទិ១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសណ្ឋារគារសុខា ខេត្តព្រះសីហនុ។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខេត្តព្រះសីហនុ, លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា ចំណុចខ្លាំងដែលជាសក្ដានុពលរបស់ខេត្តព្រះសីហនុគឺមានច្រើន ប៉ុន្តែទន្ទឹមនឹងនោះក៏មានចំណុចខ្សោយមួយចំនួនគួរកែប្រែ តួយ៉ាងដូចជា ការសម្រួលសេវាសាធារណៈ សណ្ដាប់ធ្នាប់ សន្តិសុខក្នុងខេត្តព្រះសីហនុ ត្រូវតែធ្វើឡើងឱ្យប្រសើរ គួបផ្សំនឹងការទាក់ទាញអ្នកវិនិយោគ។
លោក បានបន្តថា បញ្ហាប្រឈមដែលលោកមើលឃើញមានដូចជា អភិបាលកិច្ច ការអនុវត្តច្បាប់របស់មន្ត្រីរាជការក្នុងខេត្តនេះ នៅមានកម្រិតនៅឡើយ ដូច្នេះត្រូវមានការកែប្រែ និងពង្រឹងបន្ថែមចំពោះការអនុវត្តច្បាប់របស់មន្ត្រីយើង៕