(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីម្តាយក្មេងស្រីរងគ្រោះម្នាក់រស់នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្ដឹងចោទ ប្រកាន់ជនជាតិចិនម្នាក់ ដែលបានរួមភេទជាមួយកូនស្រីរបស់គាត់អាយុ១៤ឆ្នាំ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្រោយទទួលបានពាក្យបណ្ដឹង, កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ លី ជានអ៊ីន (LI JIAN YUN) អាយុ៣៩ឆ្នាំ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំទៅតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា គាត់ពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការឃាត់ខ្លួនជនជាតិរូបនេះ បានធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរ និងការពារអនីតិជនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕