(ភ្នំពេញ)៖ លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានលើកឡើងថា ក្រមា ឬកន្សែងប្រពៃណីខ្មែរ គឺជាអត្តសញ្ញាណជាតិ។

លោកថ្លែងបន្តថា នៅពេលឃើញនរណាម្នាក់មានក្រមា ទោះមិនសួរពីសញ្ជាតិ ក៏អាចដឹងថា គាត់ជាខ្មែរដែរ។

ក្រមា ទើបតែត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសផ្តល់កិច្ចសម្ភាសដល់បណ្តាញព័ត៌មាន Fresh News លោក រឿង សារ៉េត បានបញ្ជាក់ថា «នៅពេលខ្ញុំបង់ក ក្រមា គឺបង្ហាញពីអត្តសញ្ញាណប្រជាជនខ្មែរយើង។ ភាគច្រើន នៅពេលឃើញបង់ករក្រមា មិនបាច់សួរ ក៏ដឹងថា ជាប្រជាជនខ្មែរដែរ»

ក្រមាមានសារៈសំខាន់ណាស់ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ប្រជាជនខ្មែរនៅជនបទប្រើប្រាស់ក្រមាតាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់ ដូចជា ចងជាអង្រឹងឲ្យក្មេង, កម្រាល, ស្លៀក, ដណ្តប់, បិទបាំង,ជួតក្បាល, ទទូ, ជូតញើសឬខ្លួនប្រាណ, ចោមពង់, ផ្លាស់ងូតទឹក, បង់ក, ធ្វើចំណងចងស្មៅ ធ្វើថ្នក់ បេះផ្លែឈើ ឬដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ។

ក្រមាខ្មែរមានច្រើនប្រភេទដូចជា ក្រមាសូត្រដែលភាគច្រើនមានធ្វើនៅខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ, ក្រមាអំបោះជ្រលក់ពណ៌ត្រុំ ដែលនៅខេត្តកំពង់ចាម, ក្រមាឆ្លុះនៅកំពង់ចាម និងខេត្តកំពង់ស្ពឺ, ព្រមទាំងក្រមាអំបោះនៅខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា។ មុខរបរតម្បាញក្រមា បានជួយសិប្បករកម្ពុជា និងជំរុញសេដ្ឋកិច្ចជាតិគួរឲ្យកត់សម្គាល់។ ​

ក្រុមគុនល្បុក្កតោ បានយកក្រមាជាយុទ្ធគុន និងសម្គាល់កម្រិតសមត្ថភាពដូចជា ថ្នាក់ក្រមាមាសជាដើម ហើយបច្ចុប្បន្ន ក្រមាជាវត្ថុ ដែលបង្ហាញពីអត្តសញ្ញាណជាតិ។

លោក រឿង សារ៉េត ក៏បានស្នើបងប្អូនជួយគាំទ្រផលិតផលខ្មែរ គឺក្រមាតែម្តង ពិសេសយុវជន។ ជាមួយគ្នានេះដែរ លោកស្នើឲ្យជួយបន្តផ្សព្វផ្សាយបន្ថែមទៀត ពាក់ព័ន្ធនឹងក្រមា ក៏ដូចជាសិប្បកម្មស្នាដៃដូនតារបស់ខ្មែរយើង៕