(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជេីញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥។

សន្និបាតនេះ បានរៀបចំបេីកក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។ សន្និបាតនេះ ធ្វេីឡេីងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៤ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។

សន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម រៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាស៊ីជម្រៅ និងដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណ ជាង៥៩ពាន់លានរៀល ឬប្រមាណជាង ១៤លានដុល្លារអាមេរិក ពីការបង់កម្រៃសេវាសាធារណៈរបស់ក្រសួង ការផាកពិន័យជាសាច់ប្រាក់ និងថ្លៃឈ្នួលអចលនទ្រព្យ ជាដើម ដែលស្មើនឹង១១២.៥៩% ធៀបនឹងច្បាប់ថវិកាជាតិ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥។

តាមរបាយការណ៍នេះបានបញ្ជាក់ថា ចំណូលទាំងនោះបានមកពីផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវាចំនួនជាង ៥៤ពាន់លានរៀល, ចំណូលបានមកពីការផាកពិន័យ និងការដាក់ទណ្ឌកម្មប្រមាណ៥ពាន់លានរៀល ផលហិរញ្ញវត្ថុ ១៣លានរៀល និងបានពីផលផ្សេងៗ ជាង១លានរៀល។

យ៉ាងនេះក្តីក្នុងរយៈពេល១១ខែនេះ ក្រសួងពាណិជ្ជកម្មបានចំណាយថវិកាប្រមាណជាង ៩៣ពាន់លានរៀល ឬប្រមាណជាង ២៣លានដុល្លារអាមេរិក ស្មើនឹង៨៦.២៣% ធៀបនឹងច្បាប់ថវិកាជាតិ ដែលបានចំណាយទៅលើការទិញ សេវាកម្ម ពន្ធនិងអាករ បន្ទុកបុគ្គលិក និងការឧបត្ថម្ភធនផ្សេងៗ៕