(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះ រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក សរ ចំរុង តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា បានអញ្ជើញជាវាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍ស្តីពី «បទពិសោធន៍ការងារ និងតួនាទី ភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា» ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតសរុបជាង ២,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ជាង ១,០០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ចំនួន ១,០៥៣នាក់។
លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរាយការណ៍ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ២ទីតាំងនៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សា ៥កម្រិតធំៗ៖
*ទី១៖ ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន និងកុំព្យូរទ័រ
*ទី២៖ ថ្នាក់បរិញ្ញាបត្ររង
*ទី៣៖ ថ្នាក់បរិញ្ញាបត្រ
*ទី៤៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
*ទី៥៖ ថ្នាក់បណ្ឌិត ដោយសិក្សាតាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយ អង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន១៣មហាវិទ្យាល័យ (៤៥ជំនាញ)។
ទន្ទឹមគ្នានេះ សាកលវិទ្យាល័យ ក៏បានបញ្ចូលកម្មវិធីចែករំលែក បទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិត នៅរៀងរាល់ឆមាស នៅគ្រប់មហាវិទ្យាល័យ ដោយបានអញ្ជើញ ថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ ស្ថាប័នជា វាគ្មិនកិត្តិយសចែក រំលែកបទពិសោធន៍ដល់និស្សិតឱ្យមានឱកាស បានសិក្សារៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង ជំនាញ សមត្ថភាព ពង្រឹងវិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតជូនលោក សរ ចំរុង ផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញ ជាវាគ្មិនចែករំលែក ចំណេះដឹង និងបទពិសោធន៍ ក្នុងការដឹកនាំពាក់ព័ន្ធនឹងតួនាទី និងភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី។
លោកបណ្ឌិត ក៏បានគោរពថ្លែងអំណរគុណចំពោះ លោក សរ ចំរុង ប្រធានគណៈអធិបតីនិងជាវាគ្មិនកិត្តិយស ព្រមទាំងបានផ្តាំផ្ញើនិស្សិតទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុកប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោក សរ ចំរុ បានអញ្ជើញ ចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ដោយផ្តោតសំខាន់លើតួនាទី-ភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា ដែលបានអនុវត្តកន្លងមក ជាអាទិ៍ តួនាទីនីតិកម្ម តួនាទីតាមដានការអនុវត្តច្បាប់ និងតួនាទីភាពជាអ្នកតំណាង ជាពិសេសការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ការទទួលពាក្យបណ្តឹងពីប្រជាជន និងអធិការកិច្ច។
លោកប្រធាន ក៏បានរម្លឹកជូនអំពីប្រវត្តិរដ្ឋសភា តាមសម័យកាលនីមួយៗ និងព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសស្នាដៃជា ប្រវត្តិសាស្ត្រដែលពលរដ្ឋខ្មែរបានចងចាំនិងដឹងគុណ ដល់វីរៈភាពឥស្សរជនខ្មែរគឺសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងឥស្សរជនជាន់ខ្ពស់ ជាច្រើនរូបទៀត ដែលបានតស៊ូនិងលះបង់ខ្ពស់បំផុត ដើម្បីរំដោះប្រទេសស្វែងរក សុខសន្តិភាព ហើយបន្តដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជឿនលឿនជាបន្តបន្ទាប់។
លោកប្រធាន ក៏បានលើកឡើងអំពីគោលនយោបាយក្នុងប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី១ ដែលបានឆ្លើយតបនឹងការរីកចម្រើន និងការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញរបស់សកលលោក នាពេលបច្ចុប្បន្ន។
ជាទីបញ្ចប់ លោកប្រធាន បានផ្តល់កិត្តិយសអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ដែលបានអញ្ជើញចូលរួមនាពេលនោះ ក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕