(រតនគិរី)៖ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) នៅខេត្តរតនគិរី។

ពិធីនេះ ធ្វើឡើងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្រោមអធិបតីភាព លោកយឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីមន្ទីរ អង្គភាព ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅក្រុង ខេត្តរតនគិរី យ៉ាងច្រើនកុះករ។

លោក ងិន ណែល អភិបាលរងខេត្ត តំណាងលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា កម្មវិធីផ្សព្វផ្សាយប្រាក់រៀលនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសនៅក្នុងក្រុងបានលុង យល់កាន់តែច្បាស់ថែមមួយកម្រិតទៀត ពីសារសំខាន់នៃប្រាក់រៀល និងបន្តប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន មិនថាក្នុងប្រតិបត្តិការតម្លៃតូច ឬតម្លៃធំនោះទេ។ ទន្ទឹមនឹងនេះលោកសង្កេតឃើញថា កម្មវិធីលើកនេះក៏មានបញ្ចូលការអប់រំផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង សំដៅពង្រឹងចំណេះដឹងហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងប្រព័ន្ធទូទាត់ឌីជីថល ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រកបដោយបរិយាប័ន្ន។

លោក យឹម លាត បានលើកឡើងថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា បានចាក់ឫសយ៉ាងជ្រៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់អ៊ុនតាក់ ក្នុងអំឡុងទស្សវត្សរ៍ទី៩០។ កាលនោះ អ៊ុនតាក់ បាននាំមកនូវថវិកាចំនួន ១.៧ ពាន់លានដុល្លារអាមេរិកមកកម្ពុជា នៅពេលនោះដែរ ជំនឿចិត្តលើប្រាក់រៀលរបស់ប្រជាជនកម្ពុជា ក៏មានភាពទន់ខ្សោយនៅឡើយ។ ក៏ប៉ុន្តែក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ដោយមានតម្លៃក្នុងចន្លោះ ប្រមាណ ៤០៥០រៀលក្នុង១ដុល្លារ ដែលត្រឹមតែអាចទប់ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារ មិនឱ្យកើនឡើងតទៅទៀត ព្រោះការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅមិនទាន់ថមថយនៅឡើយ។ នេះជាមេរៀនប្រវត្តិសាស្រ្ត ដែលបានបង្ហាញពីការបាត់បង់ទំនុកចិត្តលើប្រាក់រៀល កើតឡើងត្រឹមរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញ ជាការលំបាក ទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋទាំងអស់គ្នា។

លោកបន្តថា ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ក្នុងនោះក៏មានគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច មានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេស ប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជារៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា។

ចំពោះប្រព័ន្ធទូទាត់បាគង ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធបាគង ជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុងតំបន់ បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។

បច្ចុប្បន្ន អាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយប្រទេស ថៃ វៀតណាម និងឡាវ តាមរយៈការ Scan QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំបាច់ដូរទៅជាដុល្លារអាមេរិកសិននោះទេ។ ក្រៅពីនេះធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ដូចជា VISA Card និង Master Card ជាដើម។ ក្នុងឆ្នាំនេះ គឺនឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ហើយក៏មានផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀត ក្នុងពិភពលោក៕