(ព្រះសីហនុ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា ការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាការចាប់ផ្ដើមរបស់កម្ពុជាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ដង់ដាររួមតាមបែបទំនើប។

ការលើកឡើងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួម «វេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ» ដែលមានការចូលរួមពីវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត ដែលរៀបចំឡើងនៅថ្ងៃទិ១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសណ្ឋារគារសុខា ខេត្តព្រះសីហនុ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា ការដាក់ខេត្តព្រះសីហនុជា «តំបន់សេដ្ឋកិច្ចពហុបំណង» ដោយសារខេត្តនេះមានសក្ដានុពលច្រើន មានទីតាំងភូមិសាស្រ្តល្អ មានធនធានធម្មជាតិ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានកំពង់ផែ មានដីកសិកម្មមួយចំនួន ហើយអគារជាប់គាំងនេះក៏ជាធនធានរបស់ខេត្តផងដែរ គ្រាន់តែមិនទាន់បានកែច្នៃរួចរាល់។

បើតាម លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ជាគម្រោងវិនិយោគដ៏ធំរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុនេះទៅជា «មជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក» និងប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្បីល្បាយមួយក្នុងអាស៊ាន ដែលមានរយៈពេល១៥ឆ្នាំសម្រាប់អភិវឌ្ឍ។

លោក ជា កុកហុង ក៏បានបញ្ជាក់ថា «គម្រោងនេះ នឹងអាចទាក់ទាញវិនិយោគិនពីវិស័យឯកជន និងដៃគូអភិវឌ្ឍប្រមាណជាង ២០ពាន់លានដុល្លារអាមេរិក ហើយចំណូលរបស់ប្រជាពលរដ្ឋក្នុងគម្រោង១៥ឆ្នាំទៅមុខនេះ នឹងអាចឡើងដល់១ម៉ឺនដុល្លារជាងបើគិតជាមធ្យម»