(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានប្រគល់រង្វាន់ម៉ូតូ៣៧គ្រឿង ដល់សិស្សទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា​២០២៣-២០២៤ ក្នុងខេត្តស្វាយរៀង។ ពិធីនេះក៏មានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងក្រុមហ៊ុន​ សប្បុរសជន​ អភិបាលក្រុង-ស្រុកទាំង៨ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៨​ នាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេស A ចំនួន៣៧នាក់។

លោកអភិបាលខេត្ត បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំង៣៧រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ តាមរយៈលទ្ធផលប្រឡង នៅក្នុងខេត្តស្វាយរៀងឆ្នាំនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជិត៧៣% ទទួលបាននិទ្ទេស A ចំនួន៣៧នាក់។

លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការអរគុណចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ខ្លួន និងអគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្ស ឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ។

លោក ប៉េង ពោធិ៍សា បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀតនៅពេលរៀនបន្តនៅថ្នាក់មហាវិទ្យាល័យ, ត្រូវធ្វើជាកូនល្អ​ សិស្សល្អ​ មិត្តល្អ​ និងធ្វេីអំពើណាដែលល្អ ព្រមទាំងមានផលប្រយោជន៍ដល់សង្គមជាតិ, ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសងជាដើម, ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន និងត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង «បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ»

ក្នុងឱកាសនោះ លោកអភិបាលខេត្តចែករង្វាន់ជូនដល់សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A ទាំង៣៧នាក់​ ក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៥ ចំនួន១គ្រឿង មួកសុវត្ថិភាពចំនួន១ និងថវិកា២០០,០០០រៀល។ ទន្ទឹមនោះលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៧ ក្នុងម្នាក់ៗទទួលបានថវិកា២០០,០០០រៀល និងនាយកសាលាទាំង១៤ ម្នាក់ៗទទួលបានថវិកា៣០០,០០០រៀល ផងដែរ៕