(ព្រះសីហនុ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានទំនាក់ទំនងភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈ «វេទិកាវិនិយោគនៅខេត្តព្រះសីហនុ» នឹងដោះស្រាយការព្រួយបារម្ភរបស់វិនិយោគិន ចំពោះនិតិវិធីនៃការដាក់ទុនវិនិយោគនៅកម្ពុជា។
ការលើកឡើងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួម «វេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ» ដែលមានការចូលរួមពីវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត ដែលរៀបចំឡើងនៅថ្ងៃទិ១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសណ្ឋារគារសុខា ខេត្តព្រះសីហនុ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា អ្នកវិនិយោគទាំងអស់នៅមានការព្រួយបារម្ភថា ប្រសិនជាទៅសុំច្បាប់អនុញ្ញាតដើម្បីវិនិយោគ តើពួកគាត់ត្រូវទៅណា, រៀបចំអាជ្ញាបណ្ណនៅទីតាំងណា, ប្រកាសសុំប៉ាតង់ ត្រូវធ្វើដូចម្ដេច...នៅមានការរារែកច្រើន ដូច្នេះ «វេទិកាវិនិយោគនៅខេត្តព្រះសីហនុ» នឹងជួយដោះស្រាយការព្រួយបារម្ភរបស់វិនិយោគិន ចំពោះនិតិវិធីនៃការដាក់ទុនវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ លោក បានបន្តថា ដើម្បីស្វែងយល់បន្ថែមពីនីតិវិធីស្នើសុំអនុញ្ញាតវិនិយោគទុននៅកម្ពុជា, វិនិយោគិន អាចទាក់ទងសាកសួរព័ត៌មានទៅកាន់ គណៈកម្មាធិការជម្រុញការងារខេត្តព្រះសីហនុ ដែលជាការសម្រួលមួយដ៏ល្អ ឬវិនិយោគិនអាចមកសិក្សាផ្ទាល់អំពីខេត្តព្រះសីហនុ ក៏ដូចជាអគារដែលជាប់គាំងផងដែរ៕