(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចង់ឲ្យគ្រប់មជ្ឈដ្ឋានជាពិសេសក្រុមប្រឆាំងក្រឡេកទៅមើលតំបន់ហ្កាហ្សា និងប្រទេសអ៊ុយក្រែន តើសេរីភាពការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានមានកម្រិត យ៉ាងដូចម្តេច? លោករដ្ឋមន្រ្តី បានលើកឡើងបែបនេះ ដើម្បីឆ្លើយតបនឹងការលើកឡើងថា កម្ពុជាថាជាប្រទេសដែលបិទសិទ្ធិសេរីភាពសារព័ត៌មាន។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «សេរីភាពសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ សេរីភាពនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន កម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ដូច្នេះក្នុងក្របខណ្ឌ នៃការលើកកម្ពស់តម្លៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មាន បច្ចុប្បន្ននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាព នៃប្រព័ន្ធផ្សព្វផ្សាយសិទ្ធិ នៃការទទួលព័ត៌មាន តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិត និងជឿទុកចិត្តបានសម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរួមគ្នាកម្លាំងដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព»

លោករដ្ឋមន្ត្រី បានថ្លែងទៀតថា «អ្វីដែលយើងឃើញ ជារួមស្ថានភាពសេរីភាពសារព័ត៌មាន កម្ពុជាយើងមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែបើសិនជាយើងប្រៀបធៀបជាមួយបណ្តាប្រទេសនៅក្នុងតំបន់របស់យើង កម្ពុជា ក៏មិនមែនជាសិស្សអាក្រក់នោះទេ ពោលជាសិស្សល្អមួយនៅក្នុងក្របខណ្ឌសេរីភាព នៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន»

បើតាមលោកនេត្រ ភក្ត្រា, បើយោងតាមរបាយការណ៍ស្ទង់មតិរបស់ក្រសួងព័ត៌មាន ដែលបានជួបសម្ភាសជាមួយអ្នកសារព័ត៌មាន៣៤១នាក់ តាមបណ្ដារាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស បានបញ្ជាក់ថា ៧៩,៨% បានលើកឡើងថា សេរីភាពសារព័ត៌មាន នៅកម្ពុជាមានភាពល្អប្រសើរ។ «នេះជាចំណុចមួយដែលយើងត្រូវមើលព្រៃទាំងមូល ក៏ប៉ុន្តែយើងមិនត្រូវមើលព្រៃតែ១ដើម នៅក្នុងក្របខណ្ឌសេរីភាពសារព័ត៌មាននោះទេ»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ជូនថា សម្រាប់ការសិក្សានេះ ក្រុមការងារ នៃក្រសួងព័ត៌មានបានប្រើវិធីសាស្ត្រចម្រុះ គឺវិធីសាស្ត្រគុណវិស័យ និងវិធីសាស្តបរិមាណវិស័យការស្រាវជ្រាវឯកសារដែលមានស្រាប់ (Desk Review) រាប់បញ្ចូលទាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សកតិកាសញ្ញា និងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស និងការសម្ភាសន៍ជាមួយឥស្សរជន និងបុគ្គលសំខាន់ៗក្នុងវិស័យព័ត៌មាន។

ក្នុងឱកាសបើកសន្និសីទស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ ក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញ, លោក នេត្រ ភក្ត្រា បានសង្កត់ថា «បើចង់ប្រៀបធៀបកម្ពុជាថា ជាប្រទេសដែលបិទសិទ្ធិសេរីភាពសារព័ត៌មាន ប៉ុន្តែអ្នកទាំងអស់គ្នាអាចទៅមើលតំបន់ហ្កាហ្សា ឬក៏ទៅមើលប្រទេសអ៊ុយក្រែន ថាតើស្ថានភាពអ្នកសារព័ត៌មាននៅទីនោះវាយ៉ាងម៉េច? អ៊ឹចឹងយើងក៏កុំទុទ្ទិដ្ឋិនិយមទៅលើស្ថានភាពនេះដែរ»

ពាក់ព័ន្ធនឹងការតាមដាន និងការវាយតម្លៃសេរីភាពសារព័ត៌មាននៅកម្ពុជា, លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើសុំឱ្យអង្គការ មិនមែនរដ្ឋាភិបាលខ្លះដែលធ្វើកិច្ចការងារលើផ្នែកសេរីភាពសារព័ត៌មាន សូមឱ្យយកសុភវិនិច្ឆ័យដាក់នៅ ក្នុងក្របខណ្ឌ នៃការវាយតម្លៃ ហើយកុំគិតថាឱ្យតែប៉ះអ្នកសារព័ត៌មាន សុទ្ធតែសេរិភាពនៃការបញ្ចេញមតិ។ ត្រង់ចំណុចនេះយើងអាចចោទជាសំណួរថា បើគាត់ទៅកំហែងទារប្រាក់ ទៅកំហែងហែកកេរ្តិ៍ ដើម្បីបានប្រាក់ តើនេះជាសេរីភាពនៃការបញ្ចេញមតិ ឬទេ? ឬជាបទល្មើសព្រហ្មទណ្ឌ ហើយនេះជាចំណុចមួយដែលឈរនៅលើមូលដ្ឋាន នៃសូចលនាករត្រឹមត្រូវទៅលើការវាយតម្លៃ ទើបធ្វើឱ្យការវាយតម្លៃរួមនៃរបាយការណ៍របស់ខ្លួនត្រឹមត្រូវ។

សហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) បាននិយាយនៅថ្ងៃអង្គារ ទី១០ ខែធ្នូថា ក្នុងឆ្នាំ២០២៤ មានអ្នកកាសែត សរុប១០៤នាក់ ត្រូវបានសម្លាប់ នៅជុំវិញពិភពលោក ក្នុងចំណោមនោះ ជាងពាក់កណ្តាល គឺនៅតំបន់ហ្កាហ្សា។ IFJ បានប្រាប់ថា តួលេខឆ្នាំ២០២៤នេះ គឺថយចុះពីតួលេខឆ្នាំ២០២៣ ដែលមានអ្នកកាសែតស្លាប់ ១២៩នាក់ ប៉ុន្តែវានៅតែជាឆ្នាំ ដ៏អាក្រក់បំផុតមួយ ក្នុងកំណត់ត្រា។ ក្នុងចំណោមនោះ អ្នកកាសែតប៉ាឡេស្ទីន៥៥នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤ ចំពោះមុខ សង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាស នៅហ្កាហ្សា។

យោងតាម IFJ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ សរុប មានអ្នកកាសែតប៉ាឡេស្ទីន យ៉ាងហោច១៣៨នាក់ ត្រូវបានសម្លាប់។របាយការណ៍របស់ IFJ បានបន្តថា បន្ទាប់ពីមជ្ឈិមបូព៌ា ទ្វីបអាស៉ី គឺជាកន្លែងដែលមានអ្នកកាសែត ត្រូវបានសម្លាប់ច្រើនជាងគេទី២ ក្នុងឆ្នាំនេះ គឺចំនួន ២០នាក់ ក្នុងនោះរាប់បញ្ចូលទាំង ៦នាក់ នៅប៉ាគីស្ថាន ៥នាក់នៅបង់ក្លាដែស និង៣នាក់ នៅឥណ្ឌា។ រីឯនៅអឺរ៉ុប សង្រ្គាមអ៊ុយក្រែន បានបន្តសម្លាប់អ្នកកាសែត៤នាក់ទៀត ក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បាននិយាយថា អ្នកកាសែត៥៤នាក់ ត្រូវបានសម្លាប់ អំឡុងពេលបំពេញតួនាទីរបស់ពួកគេ ខណៈអង្គការនេះ នឹងចេញផ្សាយរបាយការណ៍របស់ខ្លួន ស្តីពីអ្នកកាសែតដែលត្រូវបានសម្លាប់ ក្នុងឆ្នាំនេះ នៅប៉ុន្មានថ្ងៃទៀត។ តួលេខរបស់ IFJ ជាទូទៅ តែងតែខ្ពស់ជាងឆ្ងាយ ធៀបនឹងតួលេខរបស់ RSF ដោយសារតែ មធ្យោបាយនៃការរាប់ខុសគ្នា៕