(ភ្នំពេញ)៖ លោក តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា វិទ្យាស្ថានជាតិសង្គមកិច្ច ជាសេនាធិការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើការអប់រំបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសង្គមកិច្ច និងវិស័យផ្សេងៗដោយសារភ្ជាប់នឹងតម្រូវការសង្គម ទាំង ថ្នាក់ឧត្តមសិក្សា ព្រមទាំងបណ្តុះបណ្តាលវគ្គខ្លីៗ និងសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្រ្តសង្គម និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ផែ្នកសង្គមកិច្ច ដើម្បីផ្តល់នូវគោលនយោបាយអភិវឌ្ឍន៍លើការងារសង្គមកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា គិតចាប់តាំងពីការអនុវត្តកម្មវិធីខែមិងថុនា ឆ្នាំ២០១៩ កម្មវិធីបានបើកផ្តល់សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំ សរុបចំនួនប្រមាណ ៣៩ម៉ឺននាក់ ដោយចំណាយថវិកាសរុបប្រមាណ ៤៦លានដុល្លារអាមេរិក។ បន្ថែមពីលើនេះ ក្រុមគោលដៅជាជនរងគ្រោះនិងងាយរងគ្រោះដូចជា៖ ជនចាស់ជរាមានចំនួនប្រមាណជា ៣០ម៉ឺននាក់, ជនមានពិការភាពមានចំនួនប្រមាណ ២ម៉ឺន ៥ពាន់នាក់ និងអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ប្រមាណ ២ពាន់នាក់ ដោយចំណាយថវិកាសរុបប្រមាណ ៤០លានដុល្លារអាមេរិក។ កម្មវិធីជាតិជំនួយសង្គម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសុខុមាលភាពសង្គម ជាមូលដ្ឋានរបស់គ្រួសារក្រីក្រនិងងាយរងហានិភ័យ ហើយក៏បានរួមចំណែកដល់ការកសាងនូវភាពធន់និងកាត់បន្ថយហានិភ័យពីវិត្តបត្តិសង្គមនិងបម្រែបម្រួលអាកាសធាតុ។
ថ្លែងក្នុងឱកាសនោះលោក សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សិក្ខាសាលាស្តីផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីអំពី «ការបន្សុំានឹងបម្រែបម្រួលអាកាសធាតុតាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់» គឺជាការបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានជាតិសង្គមកិច្ច និងដៃគូសហការ ក៏ដូចជាម្ចាស់ជំនួយក្នុងការចងក្រងនូវចំណេះដឹង និងបទពិសោធន៍ដ៏មានសារៈសំខាន់នេះ ដើម្បីបានជាធាតុចួលសម្រាប់អ្នកធ្វើ និងអ្នកអនុវត្តគោលនយោបាយនានាក្នុងវិស័យសង្គមកិច្ច កិច្ចគាំពារសង្គម និងបម្រែបម្រួលអាកាសធាតុពិចារណាបន្ថែមក្នុងការធានាបាននូវការឆ្លើយតបទៅនឹងប្រព័ន្ធគាំពារសង្គមដែលមានវិសាលភាពទូលំទូលាយ កាត់បន្ថយហានិភ័យ និងពង្រឹងភាពសុំារបស់ប្រជាពលរដ្ឋទប់ទល់ទៅនឹងវិបត្តិសេដ្ឋកិច្ច សង្គម និងធម្មជាតិនៅក្នុងប្រទេសកម្ពុជា ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។
នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្តីផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីអំពី ”ការបន្សុំានឹងបម្រែបម្រួលអាកាសធាតុតាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់៖ ភស្តុតាងមូលដ្ឋានពីតំបន់ឆ្នេរនៃប្រទេសកម្ពុជា» រៀបចំធ្វើនៅវិទ្យាស្ថានជាតិសង្គមកិច្ច នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
លោក សរ បូរីរក្ស បានបន្ថែមថា ការសិក្សាស្រាវជ្រាវដោយធ្វើឡើងដោយវិទ្យាស្ថានជាតិសង្គមកិច្ច សហការជាមួយវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) និងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) លើប្រធានបទស្តីពី «ការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុតាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់» គឺជាសក្ខីភាពបន្ថែមទៀតស្តីអំពីប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ខាភិបាល តាមរយៈកម្មវិធីសាច់ប្រាក់ ដែលយើងស្គាល់នៅពេលបច្ចុប្បន្នថាជា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ ការឧបត្ថម្ភសាច់ប្រាក់ បានផ្តល់នូវសារៈសំខាន់នៃកម្មវិធីនិងគឺជាឧបករណ៍សំខាន់ក្នុងការធានាបាននូវតម្រូវការជាមូលដ្ឋាននៃគ្រួសារទាំងនោះ ជាពិសេសក្នុងកំឡុងពេលមានវិបត្តិ។
ឆ្លៀតក្នុងឱកាសនោះ លោក តាំង ជុងលី សូមលើកទឹកចិត្តដល់សិក្ខាកាមចូលរួមក្នុងសិក្ខាសាលានាពេលនេះ សូមចូលរួមពិភាក្សាឱ្យបានផុសផុល និងផ្តល់មតិយោបល់ល្អៗ ដើម្បីចែករំលែក និងរៀនសូត្រអំពីគ្នាទៅវិញទៅមកអំពីទំនាក់ទំនងនៃប្រព័ន្ធគាំពារសង្គម និងការបន្សុំាទៅនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាយើង៕