(ភ្នំពេញ)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មការ និងគណៈមេប្រយោគប្រឡងបញ្ចប់ការសិក្សា នៅសាលាជាតិផែនការនិងស្ថិតិ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្តល់កិត្តិយសបើកវិញ្ញាសាប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១ និងបានណែនាំផ្តាំផ្ញើដល់និស្សិតជាបេក្ខជនប្រឡង។
ក្នុងការប្រឡងនេះមាននិស្សិតចំនួន២០១នាក់ ជាបេក្ខជនប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញចំនួន៤ គឺ៖ ១-ជំនាញផែនការអភិវឌ្ឍន៍ ២-ជំនាញស្ថិតិអនុវត្តន៍ ៣-ជំនាញស្ថិតិប្រជាសាស្ត្រ ៤ជំនាញតាមដានត្រួតពិនិត្យនិងវាយតម្លៃ ដែលជំនាញនីមួយៗ ត្រូវប្រឡងលើមុខវិជ្ជាគោលចំនួន៣មុខ ក្នុងនោះពេលព្រឹកត្រូវប្រឡង២មុខវិជ្ជា និងពេលរសៀលត្រូវប្រឡង១មុខវិជ្ជា។
លោក រិន វីរៈ បានឱ្យដឹងពីគោលបំណងនៃការរៀបចំការប្រឡងនេះ គឺដើម្បីកំណត់ជ្រើសយកតែអ្នកមានសមត្ថភាពជាក់ស្តែង សម្រាប់ការបន្តទៅសរសេរនិក្ខេបបទបញ្ចប់ ដែលជាគោលការណ៍បញ្ចប់ការសិក្សាប្រកបដោយគុណតម្លៃ ផ្អែកលើសមត្ថភាពពិតៗក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ។
លោករដ្ឋលេខាធិការបានសំណេះសំណាលជាមួយនិស្សិត និងបានពាំនាំនូវអនុសាសន៍របស់សម្រេចមហាបវរធិបតីស្តីពីសារសំខាន់និងតម្រូវការនៃមុខវិជ្ជាជំនាញ លើវិស័យផែនការ ស្ថិតិ ប្រជាសាស្ត្រ និងតាមដានត្រួតពិនិត្យវាយតម្លៃ។ លោកក៏បានលើកទឹកចិត្តឲ្យនិស្សិតទាំងអស់ខិតខំរៀនសូត្របន្ថែមទៀត ដែលនឹងក្លាយជាធនធានបន្តវេន៕