(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹកនិង​ឧតុនិយម​ និង​ជាប្រធាន​គណៈកម្មាធិការគ្រប់គ្រង​ធនធានខ្សាច់​ បានដឹកនាំកិច្ចប្រជុំ​អន្តរក្រសួង​លើកដំបូង​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ធនធានខ្សាច់ ដោយផ្ដោតលើការពិភាក្សា​លើផែនការសកម្មភាពការគ្រប់គ្រងធនធានខ្សាច់​ និង​ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួង​​ក្នុងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព ខណៈកិច្ចប្រជុំលើកដំបូងនេះដែរ ក៏មានការប្រកាសសមាសភាព​គណៈកម្មាធិការ​គ្រប់គ្រងធនធានខ្សាច់​ផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី​២០​ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅទីស្តីការក្រសួងធនធានទឹកនិង​ឧតុនិយម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម រដ្ឋលេខាធិការ​អនុប្រធាន និងសមាជិកគណៈកម្មាធិការគ្រប់គ្រងធន​ធាន​ខ្សាច់ តំណាងក្រសួង-ស្ថាប័នទាំងអស់​ ព្រមទាំង​អភិបាលរាជធានី-ខេត្ត។

លោករដ្ឋមន្ត្រី​ប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ​បានឱ្យដឹងថា​ គោលបំណង​នៃកិច្ចប្រជុំលើកដំបូងនៅថ្ងៃ​នេះ ​គឺដើម្បី៖ ទី​១-ប្រកាសសមាសភាព​គណៈកម្មាធិការ​គ្រប់គ្រងធនធានខ្សាច់​ ទី២-ពិភាក្សា​លើផែនការ​សកម្មភាពការគ្រប់គ្រងធនធានខ្សាច់​ និង​ទី៣-ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួង​​ក្នុងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព។​

លោករដ្ឋមន្ត្រី​​បានលើកឡើង​ថា​ ការគ្រប់គ្រងធនធានខ្សាច់មានសារ​សំខាន់ណាស់​ ដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ព្រមទាំង​ដើម្បីការពារសុខភាពស្ទឹង ទន្លេ និងប្រព័ន្ធអេកូឡូស៊ី។

លោករដ្ឋមន្ត្រី​បានសង្កត់ធ្ងន់ថា​ ការធ្វើអាជីវកម្មធនធានខ្សាច់ដែលទាញយកខ្សាច់ច្រើនហួសកម្រិត​ពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចមានផលវិបាកអវិជ្ជមានជាច្រើន​ ដូចជា ការបាក់ច្រាំងស្ទឹង ទន្លេ ការកកស្ទះរំហូរទឹក ការផ្លាស់ប្តូរចរន្ដទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច​-សង្គមផងដែរ។

សូមជម្រាបថា​ គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់​ គឺ​​​ជាសេនាធិការឱ្យរាជរដ្ឋាភិបាល​ ដែលមានតួនាទី៖

ទី១. ត្រួតពិនិត្យ​ ​និង​តាមដាន​ការធ្វើអាជីវកម្ម​ធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹក​និង​បច្ចេកទេសបូមខ្សាច់​ ស្រប​តាមបទដ្ឋាន​បច្ចេកទេស​ជលវិទ្យា​និង​ជលគតិ
ទី​២. ផ្តល់អនុសាសន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដល់ក្រសួង​​រ៉ែ និង​ថាមពល​ ដើម្បី​ចាត់វិធានការ​បន្ទាន់ក្នុងករណីមានភាពអនាធិបតេយ្យ​​ ​ឬការបូមខ្សាច់ខុសបច្ចេកទេស
ទី៣. ធ្វើរបាយការណ៍​អំពីលទ្ធផល​ការងារ​ដែល​សម្រេចបាន​គោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល
​ទី​៤. អនុវត្តភារកិច្ចផ្សេងៗ​ទៀត​តាមការប្រគល់​ពីប្រមុខរាជរដ្ឋាភិបាល។​

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ នា​ថ្ងៃទី២៩​ ខែសីហា ឆ្នាំ​២០២៤​ បានចេញអនុក្រឹត្យលេខ ២០៣​​ អនក្រ.បក ស្ដីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដើម្បី​​ត្រួតពិនិត្យ​ និង​តាមដាន​​ការធ្វើអាជីវកម្ម​ធនធានខ្សាច់​ពាក់ព័ន្ធនឹងធនធានទឹក​ សំដៅធានាប្រសិទ្ធភាព​ និរន្តរភាព និង​​បរិយាបន្ន ហើយ​នៅ​ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ​២០២៤​ ​រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច​លេខ​ ១៩៣​ សសរ​ ស្តីពីការតែងតាំងសមាសភាព​គណៈកម្មាធិការគ្រប់គ្រង​ធនធានខ្សាច់​ ដែលមាន​​លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹកនិង​ឧតុនិយម ​​ជាប្រធាន​ និង​លោក​ ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការ​ប្រចាំការ​ ជាអនុប្រធានអចិន្ត្រៃយ៍​៕