(ភ្នំពេញ)៖ កម្ពុជា បានសម្រេចបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៣កន្លែងនៅក្នុងប្រទេសចិន ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្មែរឲ្យ បានកាន់តែទូលំទូលាយថែមទៀត។ តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គេរំពឹងនឹងជួយបង្កើនផលិតផលរបស់ខ្មែរនៅលើទីផ្សាររបស់ ចិន ហើយក៏នឹងជួយទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាផងដែរ។
ជម្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសលើកដំបូងរបស់កម្ពុជា ត្រូវបានធ្វើពិធីចុះហត្ថលេខាឡើងរវាងក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុនចិន នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
មជ្ឈមណ្ឌលពាណិជ្ជកម្មទាំង ៣ទីតាំងនេះ ស្ថិតនៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងមួយទីតាំងទៀតស្ថិតនៅទីក្រុងក្វាងចូវ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មទាំងនេះ ជាមជ្ឈមណ្ឌលលើកដំបូងរបស់កម្ពុជានៅក្រៅប្រទេស និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មលើកដំបូងនៅក្នុងប្រទេសចិនផងដែរ។ ការបង្កើតមជ្ឈមណ្ឌលនេះ ក្នុងគោលបំណងដាក់ផ្សព្វផ្សាយផលិតផល របស់ខ្មែរ ក៏ដូចជាស្វែងរកអ្នកវិនិយោគចិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាផងដែរ។
ក្រសួងបានបង្ហាញការរំពឹងទុកថា មជ្ឈមណ្ឌលពាំណិជ្ជកម្មទាំងនេះ នឹងជួយបង្កើនផលិតផលរបស់ខ្មែរនៅលើទីផ្សាររបស់ចិនឲ្យបានកាន់តែច្រើនថែមទៀត។
បើតាមមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រៅពីមជ្ឈមណ្ឌលទាំង៣ខាងលើនេះ នៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ ក្រសួងពាណិជ្ជកម្មនឹងមានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀតនៅខេត្តហៃនីង ក្រុងគងចូវ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន ដែលនៅឆ្នាំ២០១៥ មានតម្លៃ ៤,៤៣ ប៊ីលានដុល្លារអាមេរិក ក៏ដូចជាទាញយកឱកាសថ្មីៗ ក្រោមការផ្តល់សម្បទានពន្ធគយ ៩៧% នៃមុខទំនិញសរុប ដែលប្រទេសចិនបានផ្ដល់ឲ្យកម្ពុជាថ្មីៗនេះ៕