(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ស្តីពីការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ សរុបចំនួន៣១៣នាក់ នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
ជាលទ្ធផលនៃកិច្ចប្រជុំបូកសរុបទាំងពីរនេះ ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២០-២០២៤ និងផែនការសកម្មភាពការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ ២០២៤-២០២៥ ដោយទទួលបានសមិទ្ធផលគួរជាទីកត់សម្គាល់ជាច្រើន សំដៅបន្តចូលរួមជាមួយជាមួយរាជរដ្ឋាភិបាលក្នងការអនុវត្តគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ជាមួយនឹងចក្ខុវិស័យ «អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់នឹងវិបត្តិ»៕