(ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតជ័យ លាភីអាហារូបករណ៍ រាជរដ្ឋាភិបាលអូស្ដ្រាលី ចំនួន៣២រូប នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

អាហារូបករណ៍ ទាំង២៣នេះ ក្នុងនោះថ្នាក់បរិញ្ញបត្រជាន់ខ្ពស់២៨រូប និងថ្នាក់បណ្ឌិតមានចំនួន ៤រូប ដែលនឹងបន្តការសិក្សាលើជំនាញអប់រំ បច្ចេកវិទ្យា បរិស្ថាន កសិកម្ម សេដ្ឋកិច្ច និងជំនាញផ្សេងៗទៀត សម្រាប់ឆ្នាំសិក្សា ២០២៥ ដើម្បីផ្តល់អនុសាសន៍ណែនាំដល់និស្សិត មុននឹងចេញដំណើរទៅសិក្សានៅប្រទេសអូស្រ្ដាលី នាពេលខាងមុខនេះ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅប្រទេសអូស្រ្ដាលី។

លោករដ្ឋលេខាធិការ បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់ នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើន ដើម្បីក្លាយជាធនធានមនុស្សឆ្នើម ដើម្បីទទួលបានភាពជោគជ័យ ក្នុងការសិក្សានៅបរទេស។

កម្មវិធីអាហារូបករណ៍រាជរដ្ឋាភិបាលអូស្ត្រាលី គឺជាផ្នែកមួយនៃជំនួយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលប្រទេសអូស្ត្រាលី សម្រាប់ផ្តល់ជូនប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ និងជាពិសេស ក៏ជាកម្មវិធីមួយ សម្រាប់ផ្តល់ឱកាសដ៏មានតម្លៃ និងស្នើភាពដល់មន្ត្រីរាជការ បុគ្គលិកនៃវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការកសាងសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីចូលរួមជំរុញដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា៕