(ភ្នំពេញ)៖ ជំងឺប្រសាទសាស្ត្រ ដែលប្រជាជនទូទៅស្គាល់ថាជាជំងឺប្រព័ន្ធប្រសាទ ឬពេលខ្លះត្រូវគេចាត់ទុកថាជាជំងឺប្រសៃប្រសាទ ដោយសារមានការពាក់ព័ន្ធមុខងាររបស់ខួរក្បាល, ប្រសៃប្រសាទដែលចេញពីខួរក្បាលទៅតាមសរីរាង្គកាយរបស់យើងទាំងអស់, និងសរសៃឈាមដែលនៅក្នុងប្រព័ន្ធខួរក្បាលយើង ដែលទាំង៣នោះហើយគេហៅថា ជំងឺប្រសាទសាស្ដ្រ។

សម្រាប់ប្រភេទជំងឺដែលឋិតនៅក្នុងជំងឺប្រសាទសាស្ដ្រ មានដូចជា ជំងឺស្ដ្រូក ឬប្រជាជនយើងហៅថា ជំងឺដាច់សរសៃ ឬស្ទះសរសៃឈាមខួរក្បាល, ជំងឺឈឺក្បាលរុំារៃ, ជំងឺរលាកស្រោមខួរក្បាល, ជំងឺអេពីឡឹបស៊ី ដែលគេនិយមហៅ ជំងឺប្រកាច់ ឬឆ្គួតជ្រូក, ជំងឺស្ពឹកស្រពន់ដៃជើង គៀបសរសៃចង្កេះ និងខ្សោយសាច់ដុំជាដើម...។

«ដូច្នេះដើម្បីថែទាំសុខភាពខួរក្បាលឱ្យបានល្អ ចៀសផុតពីជំងឺប្រសាទសាស្ដ្រនេះ គឺយើងត្រូវដឹងពីរបៀបការធ្វើការងារ ការគេង ការសម្រាក និងការប្រាស្រ័យទាក់ទងឱ្យបានល្អ ដែលគេហៅថា ៨៨៨ (៨ចំនួន៣ដង) ក្នុងនោះទី១៖ ការបំពេញការងារក្នុងមួយថ្ងៃ ៨ម៉ោង (១អាទិត្យយើងធ្វើការងារ៥ថ្ងៃ), ទី២៖ ៨ម៉ោងយើងជួបជុំសម្រាកទំនាក់ទំនងគ្រួសារ និង៨ម៉ោងទៀត គឺការសម្រាកឱ្យបានត្រឹមត្រូវ។ ចំណុចទាំងអស់ នឹងធ្វើឱ្យខួរក្បាលយើងមានសុខភាពល្អ បំបាត់ស្ដេ្រស និងការតានតឹងខួរក្បាល»។

នេះតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ជុំ ណាវុធ ប្រធានសមាគមគ្រូពេទ្យប្រសាទសាស្ត្រកម្ពុជា និងជាទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ផ្នែកប្រសាទសាស្ត្រ ក្នុងសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៥ នាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ស៊ឹម សុខចាន់ នាយករងមន្ទីរពេទ្យ តំណាងលោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមានការចូលរួមពីវាគ្មិនល្បីៗជាតិ និងអន្តរជាតិ ពីសហរដ្ឋអាមេរិក និងសាកលវិទ្យល័យជូឡាលុងកន ប្រទេសថៃផងដែរ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

លោកសាស្ត្រាចារ្យ ជុំ ណាវុធ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងទៀតថា សន្និសីទប្រចាំឆ្នាំលើកទី៥ របស់សមាគមគ្រូពេទ្យប្រសាទសាស្ត្រកម្ពុជា បានធ្វើឡើងក្រោមបរិបទ «Personalized Professional Development  for Enhancing Healthcare  Quality» និងក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការថែទាំព្យាបាលសម្រាប់ជំងឺប្រសាទសាស្ត្រ ពង្រឹងការគ្រប់គ្រងផលវិបាក ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាព និងពិការភាព ដែលបង្កឱ្យមានបន្ទុកយ៉ាងច្រើនដល់គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ។

ក្នុងសន្និសីទនេះនឹងណែនាំនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗលើការព្យាបាលជំងឺស្ត្រូក ការគ្រប់គ្រងការប្រកាច់ដែលគំរាមកំហែងដល់អាយុជីវិតចំពោះអ្នកជំងឺ ដែលមានជំងឺអេពីឡឹបស៊ី (ជំងឺប្រកាច់ ឬឆ្គួតជ្រូក) និងជម្រើសនៃការព្យាបាលប្រកបដោយភាពច្នៃប្រឌិតសម្រាប់អ្នកជំងឺ ដែលមានការឈឺក្បាលរ៉ាំរ៉ៃ និងពិភាក្សាអំពី ការចាក់ Botox សម្រាប់អ្នកជំងឺដែលមានការញាក់បញ្ហាត្របកភ្នែក និងវិបត្តិចលនាខុសប្រក្រតី។

លោកសាស្ត្រាចារ្យ ជុំ ណាវុធ ក៏បានរំពឹងថាសន្និសីទនៅឆ្នាំនេះ នឹងបង្រួបបង្រួមអ្នកឯកទេស ជំរុញសេវាកម្មបន្ថែមក្នុងការព្យាបាល និងការថែទាំជំងឺ និងជំរុញការយល់ដឹង នៅក្នុងវិស័យឯកទេសប្រសាទសាស្ត្រ៕