(ពោធិ៍សាត់)៖ ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ ក្នុងសន្តិភាព» ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានប្រារព្ធធ្វើ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រគរ ដោយពិធីនេះ បានការអញ្ជើញចូលរួមពី លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទ្រហមកម្ពុជា, លោក​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយសនិងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខា ព្រមទាំលោក លោកស្រីប្រតិភូថ្នាក់កណ្តាល សាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជាង១០០នាក់។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងថា ទិវានេះគឺជាព្រឹត្តិការណ៍ និងផ្តោតសំខាន់ក្នុងការជម្រុញ លើកកម្ពស់អ្នកស្មគ្រ័ចិត្ត ដែលជាកម្លាំងមនុស្សធម៌មុតស្រួច ក្នុងការបន្តបេសកកម្មជួយដល់ជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ និងឆ្លើយតបទាន់ពេលវេលា។ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តទូទាំង២៥រាជធានី/ខេត្ត បាននឹងកំពុងក្លាយជាកម្លាំងចលករ និងឈានទៅសម្រេច ឱ្យបាននូវទិសដៅយុទ្ធសាស្ត្រ ២០២១-២០៣០ ក្នុងវិស័យអាទិភាពទាំង៤។ ទាំងនេះសាខា អនុសាខា ជ្រើសរើស និងធ្វើបច្ចុប្បន្នភាពអ្នកស្ម័គ្រចិត្តតាមភូមិ ឃុំ/សង្កាត់ បានចំនួន១,២១៣នាក់ និងយុវជនបាន៣៥០នាក់ និងកំពុងបន្តជ្រើសរើស និងបណ្តុះបណ្តាលយុវជន៥សាលាគោលដៅបន្ថែម ដើម្បីពង្រឹងសមត្ថភាព ក្នុងការឆ្លើយតបកាន់តែមានប្រសិទ្ធិភាព។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអានទាំងស្រុង នូវសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក្នុងឱកាសទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាស្មគ្រ័ចិត្ត ដើម្បីភាពធន់សហគមន៍ ក្នុងសន្តិភាព»នោះរួចមក ដែលក្នុងនោះ ក្នុងព្រះបរមនាម ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ មិនខ្លាចនឿយហត់ ជំនះគ្រប់ឧបស័គ្គ និងបញ្ហាប្រឈមនានា ចូលរួមយ៉ាងសកម្ម ក្នុងការងារសង្គម ទាំងការផ្តល់សេវាកម្មមនុស្សធម៌ លើកកំពស់សុខុមាលភាព អប់រំផ្សព្វផ្សាយបន្សាំខ្លួន ដើម្បីភាពធន់សហគមន៍ តាមរយះការនាំយកសារគន្លឹះសំខាន់ៗ ទៅដល៎ប្រជាពលរដ្ឋតាម ភូមិ ឃុំ ដោយផ្ទាល់ តាមខ្នងផ្ទះ ចល័តក្នុងសហគមន៍ និងអប់រំផ្សព្វផ្សាយដោយប្រយោលតាមបណ្តាញសង្គម និងតាមប្រព័ន្ធព័ត៌មាននានា បានយ៉ាងទូលំទូលាយ ទូទាំងប្រទេស។

លោកស្រីអគ្គលេខាធិការ បានបញ្ជាក់ថា ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ លើកកម្ពស់ការស្ម័គ្រចិត្ត ដល់យុវជន ដើម្បីចូលរួមអភិវឌ្ឍន៍ និងកសាងសហគមន៍ និងសង្គមជាតិ។ លោកស្រីបានរំឭក ដល់អ្នកស្ម័គ្រចិត្តគ្រប់លំដាប់ថ្នាក់ នៅតាមសហគមន៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានសិក្សា ត្រូវបន្តរួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាព កសាងសហគមន៍ឱ្យមានភាពធន់ ផ្តល់សេវាជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានឆាប់រហ័សទាន់ពេលវេលា ស្របតាមបាវចនា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។ កាកបាទក្រហមកម្ពុជា សូមប្តេជ្ញាពួតដៃរួមកម្លាំង ជាមួយសមាគមន៍ជាតិទាំង១៩១ នៅជុំវិញពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងការពារមនុស្សជាតិ ដូច្នេះក្នុងបរិបទ នៃទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ក្នុងគោលបំណងពង្រឹងនូវតួនាទីស្នូល និងសមត្ថភាពរបស់យុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេង ឱ្យយល់កាន់តែច្បាស់ ពីគុណតម្លៃ នៃសន្តិភាព ពង្រឹងផ្នត់គំនិត និងវប្បធម៌ចែករំលែកក្តីស្រឡាញ់ និងចូលរួមស្វែងរកដំនោះស្រាយចំពោះបញ្ហាប្រឈមនានា នៅក្នុងសហគមន៍ ដូចជាការប្រែប្រួលអាកាសធាតុ សុខុមាលភាពសាធារណៈ ការបណ្តុះថ្នាលឌីជីថល និងគុណភាពដឹកនាំប្រកបដោយគុណធម៌ សីលធម៌ និងចរិយាធម៌។

លោកស្រីអគ្គលេខាធិការ សូមឱ្យសាខា អនុសាខា និងក្រុមប្រតិបត្តិ ត្រូវយកចិត្តទុកដាក់កិច្ចការសំខាន់ៗចំពោះមុខ ដូចជាការពង្រឹងកម្លាំងអ្នកស្ម័គ្រចិត្តវ័យក្មេង បណ្តុះនូវឧត្តមគតិស្រឡាញវប្បធម៌សន្តិភាព បង្កើនសកម្មភាពមិត្តអប់រំមិត្ត និងចេះជួយគ្នាទៅវិញទៅមកព្រមទាំងមានកិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិ ការពារមនុស្សជាតិ និងប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៏ នៅឆ្នាំ២០២៥ ដោយប្រកាន់ភ្ជាប់គោលការណ៍ សមភាព និងបរិយាបន្ន ហើយចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើង ឬ មាក់ងាយអ្នកផ្ទុកមេរោគអេដស៏ និងអ្នកជំងឺអេដស៏ឡើយ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ, លោកអភិបាលខេត្ត និងលោកស្រី ក៏បានផ្តល់កិត្តិយស អញ្ជើញប្រគល់ប័ណ្ណសរសើរ អបដោយថវិកាមួយចំនួន ដើម្បីជាការលើកទឺកចិត្ត ដល់ការខិតខំប្រឹងប្រែង របស់អ្នកស្ម័គ្រចិត្ត ទាំង១០៩នាក់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដល់សហគមន៍ កន្លងមក នាពេលនោះផងដែរ៕​