(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ នៃការអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ បានសម្តែងការពេញចិត្ត និងត្រេកអរជាខ្លាំង ក្រោយពួកគាត់បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ មានប្លង់កម្មសិទ្ធិស្របច្បាប់ និងបានចូលមកសាងសង់ទីលំនៅថ្មី ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលរដ្ឋបាលខេត្ត បានរៀបចំដោះដូរជូន។
ថ្លែងក្នុងឱកាស ចុះពិនិត្យការផ្លាស់ប្តូរ និងសាងសង់ទីលំនៅថ្មី របស់បងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក ខូយ រីដា បានថ្លែងថា ការរៀបចំទីតាំងដីនេះ ក្នុងគោលបំណង គឺដើម្បីដោះស្រាយប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង មិនមានលក្ខណៈផ្លូវច្បាប់ ឱ្យពួកគាត់មានដីស្របច្បាប់ និងសាងសង់ទីលំនៅច្បាស់លាស់ គ្មានការព្រួយបារម្មណ៍តទៅថ្ងៃមុខ។ ទីតាំងដែលពួកគាត់រស់នៅតាមមាត់ស្ទឹង ជាគោលការណ៍ច្បាប់ គឺមិនមានការដោះស្រាយអ្វីឡើយ រដ្ឋត្រូវការអភិវឌ្ឍន៍ពេលណា ត្រូវប្រគល់ជូនពេលនោះ តែដោយពិនិត្យឃើញថា បងប្អូនយើងមានការលំបាក នឹងដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមម្លប់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានណែនាំ និងចង្អុលការដល់អភិបាលរាជធានីខេត្ត ឱ្យយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាក់ស្តែងដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅរ៉បមាត់ស្ទឹងពោធិ៍សាត់ ចាប់ពីចំណុងក្បាលហុង រហូតដល់ស្ពានអាកាសផ្លូវវាងក្រុង ចំនួន៥៦គ្រួសារ គឺត្រូវទទួលបានដីឡូតិ៍លំនៅដ្ឋាន ជាដោះស្រាយគោលនយោបាយ ឈ្នះ-ឈ្នះ ឱ្យពួកចេញពីដីសាធារណៈរបស់រដ្ឋ ដើម្បីយកទីតាំងនោះ មកធ្វើការអភិវឌ្ឍន៍ជាច្រាំងស្ទឹង។
លោក ខូយ រីដា បានបន្តថា ទីតាំងដីឡូតិ៍នេះ ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ដែរមួយផ្នែកតូច គឺជាដីរបស់រដ្ឋ គ្រប់គ្រងដោយរដ្ឋបាលឃុំ និងមួយផ្នែកទៀត លោកបានទិញពីប្រជាពលរដ្ឋ ដើម្បីរៀបចំជាបុរីមួយ ធ្វើការដោះដូរគោលនយោបាយជូនប្រជាពលរដ្ឋ ទៅតាមការរស់នៅអាស្រ័យផលជាក់ស្តែង ដោយមានប្លង់កម្មសិទ្ធិត្រឹមត្រូវស្របច្បាប់ ផ្លូវធំទូលាយ មានប្រព័ន្ធលូ ទឹកស្អាត និងភ្លើងគ្រប់គ្រាន់។
លោក ខូយ រីដា បានគូសបញ្ជាក់ថា ឥឡូវនេះប្រជាពលរដ្ឋ ទាំង៥៦គ្រួសារ គឺពួកគាត់ពេញចិត្ត និងសប្បាយចិត្តណាស់ជាខ្លាំង សម្រាប់ដំណោះស្រាយមួយនេះ ដោយពួកគាត់មួយចំនួនធំបានរុះរើ ព្រមទាំងបន្តសាងសង់លំនៅដ្ឋានថ្មី នៅទីតាំងដីឡូតិ៍ សម្រាប់រស់នៅបានសមរម្យ។ ដោយឡែកប្រជាពលរដ្ឋ ដែលរស់នៅលើចំណីផ្លូវ ជាប់នឹងរបងវិទ្យាល័យពោធិ៍សាត់ ពួកគាត់ក៏ស្ម័គ្រចិត្តរុះរើសំណង់ ព្រមទាំងទទួលយកដីឡូតិ៍ ដែលរដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងនឹងដោះដូរជូនពួកគាត់ផងដែរ។
ជាពិតណាស់ថា បើនិយាយពីច្បាប់ គឺបងប្អូនយើងខុសច្បាប់បាត់ទៅហើយ ក៏ប៉ុន្តែក្នុងនាមអាជ្ញាធរខេត្ត លោកត្រូវចេញមុខដោះស្រាយបញ្ហាទាំងអស់នេះ ជាមួយបងប្អូនយើង ព្រោះថាវាគ្មានអ្វីចំណេញជាងការដោះស្រាយដោយសន្តិវិធីនោះឡើយ។ ទាំងអាជ្ញាធរដែនដី ក៏ដូចមន្ត្រីរាជការ និងប្រជាជនខេត្តពោធិ៍សាត់ ក៏មានការសប្បាយចិត្តជាខ្លាំង ដែលបងប្អូនប្រជាពលរដ្ឋ ទទួលយកការដោះស្រាយ ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ ទាំងអស់គ្នា។
លោកអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា គោលបំណងដែលយើងរៀបចំច្រាំងស្ទឹងពោធិ៍សាត់នាឱកាសនេះ គឺដើម្បីឱ្យខេត្តពោធិ៍សាត់មានសោភ័ណភាព និងជាមុខមាត់ខេត្តរបស់យើង។ ទីតាំងដែលយើងត្រូវធ្វើ មានសួនច្បារ មានកន្លែងហាត់ប្រាណ ហើយប្រសិនបើទីធ្លាធំទូលាយ យើងអាចឱ្យបងប្អូនប្រជាពលរដ្ឋ បើកលក់អាហារចល័តនាពេលល្ងាច ដូចជានំបញ្ចុក សាច់គោ អាំងពងទាកូន បាយឆា មីឆា។ល។…
លោក ខូយ រីដា បានឱ្យដឹងថា ជាគំនិតរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ លោកមានបំណង ចង់បង្កើតឱ្យមានកន្លែងផលិត និងតាំងលក់ស្ករត្នោតខ្មែរ បូករួមទាំងនំខ្មែរមួយចំនួន ដែលផលិតពីត្នោត។ ចំណែកឯទឹកត្នោត ស្ករត្នោត ដែលបងប្អូនយើងឡើងរាល់ថ្ងៃ និងផលិតបានរាល់ថ្ងៃ អាចដាក់តាំងលក់ នៅនឹងកន្លែង។ នៅចំពោះមុខនេះ លោកបាននឹងកំពុងឱ្យខាងអ្នកជំនាញ ធ្វើការគូសវាស និងសិក្សាប្លង់មេ ដើម្បីឱ្យទីតាំងនេះក្លាយជាបេះដូងរបស់ខេត្តពោធិ៍សាត់ និងមានសោភណ្ឌភាពដ៏ស្រស់ស្អាតទាក់ទាញ៕