(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ដែលមានទំហំសរុប១៩២.២លានដុល្លារ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា ក្រោមការជឿជាក់នឹងជួយគាំទ្រដល់កិច្ចអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៅកម្ពុជា។

ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានទទួលបុព្វសិទ្ធិសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅកម្ពុជា និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។

ហិរញ្ញប្បទានសហប្រតិបត្តិការនេះមានទឹកប្រាក់សរុបចំនួន ១៨៣លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២.២លានដុល្លារអាម៉េរិក ក្នុងនោះកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១ ដូចខាងក្រោម៖

១. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងស្តារឡើងវិញអាងស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project) មានទឹកប្រាក់ឥណទានចំនួន ៩១លានអឺរ៉ូ ត្រូវជាប្រមាណ ៩៥.៦លានដុល្លារអាម៉េរិក។ គម្រោងនេះមានគោលបំណង៖ ១-ស្តារឡើងវិញស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨កន្លែង បង្កើនសមត្ថភាពចំនួន ៥កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តចំនួន ៦កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឲ្យប្រសើឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ២-គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព តាមរយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប និង៣-ពង្រឹងដល់ការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងអាងស្ទឹងស្វាយចេក និងរៀបចំយន្តការតាមដានវាយតម្លៃអំពីវឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង។

២. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ (Bakheng Water Supply Project Phase III, Credit No.2) គឺជាកញ្ចប់ឥណទានទី២ ដែលមានទឹកប្រាក់ចំនួន ៨០លានអឺរ៉ូ ត្រូវជាប្រមាណ ៨៤លានដុល្លារអាម៉េរិក។ កញ្ចប់ឥណទានទី២នេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការផលិតទឹកស្អាតរោងចក្រជ្រោយចង្វាឲ្យបាន ១៣០,០០០ម៉ែត្រ ក្នុងពេល៣ថ្ងៃ, បំពាក់បំពង់មេនំាទឹក និងពង្រីកប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨០០គីឡូម៉ែត្រ និងសាងសង់ទីស្នាក់ការកណ្តាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

៣. កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១២លានអឺរ៉ូ ត្រូវជាប្រមាណ ១២.៦លានដុល្លារអាម៉េរិក ពីសហភាពអឺរ៉ុប តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣។ ជំនួយបច្ចេកទេសនេះ ផ្តោតលើ៖ ១.ការកសាងសមត្ថភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការជួយរៀបចំផែនការមេថ្នាក់ជាតិសម្រាប់វិស័យទឹកស្អាត, ការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលថ្នាក់ជាតិ, គាំទ្រកំណែទម្រង់វិស័យទឹកស្អាត និងការបណ្ដុះបណ្ដាលផ្សេងៗ, និង២.ការកសាងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារគ្រប់គ្រងអចលនទ្រព្យ, ការងារគ្រប់គ្រងហានិភ័យ, ការរៀបចំផែនការជំនួញ, ការគ្រប់គ្រងទឹកបាត់បង់ និងការតបណ្ដាញសម្រាប់ប្រជាពលរដ្ឋចំណូលទាប។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈ AFD និងសហភាពអឺរ៉ុប (EU)។ គម្រោងទាំង២នេះ នឹងជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដែលឆ្លើយតបទៅនឹងអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងវិស័យទឹកស្អាត, និងការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ៕