(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយបច្ចុប្បន្នរបស់មហាអំណាច បានរំខានដល់គោលការណ៍គ្រឹះនៃសន្តិភាព យុត្តិធម៌មានសម្រាប់តែអ្នកមានអំណាច ហើយយុត្តិធម៌មានសម្រាប់អ្នកធំ និងអ្នកខ្លាំង អ្នកទន់ខ្សោយបានត្រឹមដង្ហើយហៅ»។

ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិ ប្រចាំឆ្នាំលើកទី១៩ ស្តីពីតម្លៃវប្បធម៌ឥណ្ឌូប៉ាស៊ីហ្វិក៖«វប្បធម៌សន្តិភាពក្នុងយុគសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ» នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

លោកបណ្ឌិត បានលើកបង្ហាញអំពីទិដ្ឋភាពរបស់ប្រជាជនស្លូតត្រង់អ៊ុយក្រែន ដោយបានចោទជាសំណួរថា តើប្រជាជននៅអ៊ុយក្រែន នៅអារ៉ាប់ និងអ៊ីរ៉ាក់ ខុសអីបានទៅកម្ទេចប្រទេសគាត់? ឆ្លើយតបសំណួរនេះលោកបណ្ឌិតបានបញ្ជាក់ថា៖ «ព្រោះតែមហិច្ឆតារបស់មហាអំណាច ដែលមហាអំណាចប្រជែងគ្នា បានធ្វើឱ្យប្រជាជនស្លូតត្រង់នៃប្រទេសតូចៗ ជាអ្នកត្រូវរងគ្រោះ ហើយមេរៀននេះ កម្ពុជា មិនអាចទទួលយកមកវិញនោះទេ»។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់លម្អិតថា «ក្នុងនាមជាប្រជាជាតិដែលធ្លាប់រងគ្រោះ និងជួបប្រទះផ្ទាល់ កម្ពុជាមិនត្រូវទទួលយកនោះឡើយ។ នៅក្នុងរឿងខ្លះគ្រាន់តែជាពណ៌សម្បុរនយោបាយប៉ុណ្ណោះ អ្នកនយោបាយខ្មែរមិនត្រូវត្រេកត្រអាល ហើយនាំភ្លើងសង្គ្រាមចូលមកក្នុងប្រទេសខ្លួននោះទេ។ មានសន្តិភាពមុនទើបមានបច្ច័យផ្សេងទៀតកើតឡើង។ ពាក្យស្លោក «សន្តិភាព» ជាគោលការណ៍គ្រឹះនៃវិស័យផ្សេងៗទៀតដូចជា ការអភិវឌ្ឍ សិទ្ធិមនុស្ស សេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលនេះមិនមែនសម្រាប់តែកម្ពុជាទេ តែសម្រាប់ពិភពលោកទាំងមូល ព្រោះគ្មានពេលវេលាណាមួយដែលមហាអំណាចមិនប្រកួតប្រជែងនោះឡើយ»៕