(ភ្នំពេញ)៖ ក្នុងវគ្គពិភាក្សាពីបញ្ហាប្រឈមវប្បធម៌ក្នុងយុគសម័យថ្មី លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅពេលយុវជនឲ្យតម្លៃវប្បធម៌បរទេសពេក នឹងនាំឲ្យបាត់បង់វប្បធម៌របស់ខ្លួន។ លោកក៏បានសម្តែងក្តីព្រួយបារម្ភ នៅពេលឃើញនិស្សិតខ្មែរ ប្រើពាក្យ «សួស្តី» ទៅកាន់គ្រូ ជំនួសឲ្យពាក្យ «ជម្រាបសួរ»។

លោកបណ្ឌិត គិន ភា លើកឡើងបែបនេះ ក្នុងឱកាសលោកចូលរួមធ្វើបទបង្ហាញក្នុងសន្និសីទអន្តរជាតិ ប្រចាំឆ្នាំលើកទី១៩ ស្តីពីតម្លៃវប្បធម៌ឥណ្ឌូប៉ាស៉ីហ្វិក៖ វប្បធម៌សន្តិភាពក្នុងយុគសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

លោកបណ្ឌិត គិន ភា បានអង្កេតឃើញថា សូម្បីតែនៅក្នុងថ្នាក់ ពេលធ្វើបទបង្ហាញ ក៏មាននិស្សិតខ្លះ ប្រើពាក្យ «សួស្តីអ្នកទាំងអស់គ្នា» តែម្តង ខណៈគ្រូបង្រៀននៅក្នុងថ្នាក់ដែរ។ លោកបណ្ឌិត បានដាស់តឿនថា ភាសាខ្មែរ មានតាមប្រភេទសម្រាប់អ្នកប្រើប្រាស់ តាមកម្រិត និងតាមឋានៈ តែដោយសារការប្រែប្រួលក្នុងយុគសម័យថ្មី នាំឲ្យនិស្សិតប្រកាន់វប្បធម៌បរទេសពេក។

ទោះជាយ៉ាងណា លោកបណ្ឌិត យល់ថា នេះជាបម្រែបម្រួល និងបញ្ហាប្រឈមវប្បធម៌ក្នុងយុគសម័យថ្មី ហេតុនេះហើយ អ្នកដែលអាចការពារវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រ ពោលគឺអត្តសញ្ញាណជាតិ គឺកូនខ្មែរជំនាន់ក្រោយ។

លោកបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា «បន្តិចទៀត រនាស់ និងនង្គ័ល នឹងឃើញមានតែនៅក្នុងសារមន្ទីរ។ នេះក៏ព្រោះតែការប្រែប្រួល ហើយមនុស្សគិតថា វាហួសសម័យ និងលែងបម្រើប្រយោជន៍បាន។ ការបារម្ភខ្លាំង នៅពេលយុវជនឲ្យតម្លៃវប្បធម៌បស្ចិមលោក នាំឲ្យបាត់បង់របស់ខ្លួន។ ប្អូនខ្លះ អត់ប្រើពាក្យជម្រាបសួរទេ តែប្រើពាក្យសួស្តីទាំងមូល ខណៈក្នុងថ្នាក់ក៏មានគ្រូ។ ភាសាខ្មែរ មានការប្រើប្រាស់សម្រាប់ថ្នាក់មនុស្ស។ នេះហើយ វប្បធម៌ ដេលវាអាចនឹងស្វិតស្រពោន។ សូមប្រើប្រាស់ភាសាខ្មែរឲ្យត្រូវ ទោះចេះអង់គ្លេសក៏ដោយ»។

លោកបណ្ឌិត ក៏បានរម្លឹកពាក្យរបស់លោកបណ្ឌិត្យភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលកូនខ្មែររៀនសាលាបរទេស និងមិនអាចប្រើប្រាស់ភាសាខ្មែរបាន។

លោកបានបន្តថា «ឯកឧត្តម បណ្ឌិត្យភាចារ្យ សុខ ទូច ព្រួយជាងគេ នៅពេលឃើញខ្មែរប្រើអង់គ្លេស ច្រើនជាងភាសាខ្មែរ ព្រោះម្តាយឪពុកគេបញ្ជូនកូនទៅរៀនតាំងពីក្មេង។ យើងជាម្ចាស់វប្បធម៌ និងអក្សរ ដូច្នេះយើងជាអ្នកអភិរក្ស។ ឥលូវ សូម្បីតែផ្ទះនៅភ្នំពេញ ពិបាកមើលណាស់ថា​មួយណាជារចនាបទខ្មែរ។ ថ្ងៃក្រោយ ទៅប្រវត្តិវិទូ គេនឹងសិក្សាថា តើស្ថាបត្យកម្ម ឆ្នាំ២០០០ កំណត់យ៉ាងម៉េច កំណត់អត់ដឹងទេ។ តែបើពីដើម គេអាចកំណត់សម័យកាលបាន ព្រោះមានរចនាបទ ដូចនគរភ្នំ ចេនាឡា និងសម័យអង្គរ ជាដើម»។

សូមជម្រាបថា លោកបណ្ឌិតសភាចារ្យ សុខ ទូច ធ្លាប់បានបន្ទោសឪពុកម្តាយណា ដែលបញ្ជូនកូនតូចទៅរៀននៅសាលាបរទេស នាំឱ្យពួកគេទទួលឥទ្ធិពលបរទេសតាំងពីតូច ដោយធ្វើឱ្យពួកគេមិនចូលចិត្តវប្បធម៌ខ្មែរ មានចរិតជាជនបរទេស អត់គោរពឪពុកម្តាយ និងអត់ស្រលាញ់ជាតិឯង។

បើតាមលោកបណ្ឌិតសភាចារ្យ គ្មានប្រទេសណាមួយលើលោក ឱ្យបរទេសបើកសាលា នៅលើទឹកដីខ្លួននោះឡើយ មានតែខ្មែរមួយប៉ុណ្ណោះ៕