(ព្រះសីហនុ)៖ លោកឧញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនកាណូតលឿន ជី.ធី.វី.ស៊ី ស្ពីដបូត (G.T.V.C SPEED BOAT) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ បានផ្តល់អំណោយ ភ្លាមៗ តាមរយៈលោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ ជូនចំពោះចៅភ្លោះ៣នាក់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាប់កំណើត នៅលើ គ្រួសារក្រីក្រមួយ ដែលកំព្រាឪពុកម្តាយ ទាំងសងខាង នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

អំណោយដែលទទួលបាន នៅពេលនេះ រួមមាន ថវិការចំនួន ៣លានរៀល និងសំភារៈប្រើប្រាស់កូនងែត៣សំរាប់ ផងដែរ ។ លោក សេក សាអ៊ីម ឪពុកកូនភ្លោះទាំង៣នាក់បានសំដែងក្តី រំភើប ឥត ឧបមា និងសូមថ្លែងអំណរគុណ និងជូនពរជូនចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបានផ្តល់អំណោយជូនចំពោះក្រុមគ្រួសារលោកដែលកំពុងជួប ការលំបាកនាពេលនេះ ព្រោះថា លោកមានជីវភាព ក្រីក្រណាស់ ។

លោក សេង ណុង ប្រធានមន្ទីរបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ របស់លោក បានប្រឹងប្រែងយ៉ាង អស់លទ្ធភាព ដោយបាន វះកាត់តាំងពី ម៉ោង៧៖២០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដោយទទួលបាន ជោយជ័យក្នុងការសង្រ្គោះទាំងម្តាយ ទាំងកូនទាំងស្រុង ។

លោកបន្ថែមថា កូនភ្លោះប្រុសទាំង៣ មានម្ដាយ ឈ្មោះ ប្រាក់ កញ្ញា អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកអាហារដ្ឋាន invito Cambodia ឆ្នេរអូរឈើទាល មានស្រុកកំណើត ភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ (កំព្រាឪពុកម្តាយ) និងឪពុក ឈ្មោះ សេក សាអ៊ីម  អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកអាហារដ្ឋាន invito Cambodia ឆ្នេរអូរឈើទាល មានស្រុកកំណើត ឃុំឈ្នួលមានជ័យ ស្រុកសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ (កំព្រាឪពុកម្តាយ) មានជីវភាពក្រីក្រ ដោយស្នាក់នៅផ្ទះជួលគេនៅភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។

លោក សេង ណុង បានបញ្ជាក់ថា ទារកទាំង៣ ដែលទើបបង្កើត បានមានឈ្មោះ កូនទី១៖ សេក ខេមរៈ ភេទប្រុស ទំងន់ ២.៤០ក្រាម, កូនទី២៖ សេក ខេមរា ភេទប្រុស ទំងន់ ២.៣០ក្រាម, កូនទី៣៖ សេក ខេមរិន ភេទប្រុស ទំងន់ ២.៣០ក្រាម ។ លោក សេង ណុង ក៏បានបញ្ជាក់អោយដឹងបន្ថែមថា នេះជាលើកទី១ហើយសំរាប់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ យើងនេះ ។

បច្ចុប្បន្ននេះ ពួកគេ កំពុងសំរាកនៅបន្ទប់ត្រៀមសំរាល (ដោយសារបន្ទប់សំរាកពេញអស់ទៅហើយ) អាគារសម្ភព នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕