(កំពង់ចាម)៖ តាមរបាយការណ៍បូកសរុបលទ្ធផលការងារសាងសង់ផ្ទះមនុស្សធម៌ខេត្តកំពង់ចាម ឆ្នាំ២០២១-២០២៤ បានឱ្យដឹងថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានសាងសង់ផ្ទះមនុស្សធម៌ចំនួន២២ខ្នងជូនទុរគតជន និងជនងាយរងគ្រោះ ចាប់ពីឆ្នាំ២០២១-២០២៤។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសាងសង់ផ្ទះមនុស្សធម៌ខេត្តកំពង់ចាមនេះ ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងនិមន្តអញ្ជើញចូលរួមនាឱកាសនោះ មានព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី ព្រះមេគណខេត្ត ព្រះចៅអធិការ ព្រះអនុគណក្រុង ស្រុក គណ:ធម្មយុត្តិកនិកាយ ព្រះមន្ត្រីសង្ឃជាសមាជិកភាពមូលនិធិនៃកម្មវិធីផ្ទះមនុស្សធម៌ខេត្ត និងតំណាងមន្ទីរអង្គភាពប្រមាណ១៦២អង្គ/នាក់។
លោក ស្រី សុភ័ក្ត្រ លេខាធិការសាខា និងជាប្រធានក្រុមការងារប្រតិបត្តិ និងវាយតម្លៃនៃកម្មវិធីផ្តល់ផ្ទះមនុស្សធម៌ខេត្ត បានបញ្ជាក់ថា កម្មវិធីផ្តល់ផ្ទះមនុស្សធម៌នេះជាកម្មវិធីថ្មី តែជាសកម្មភាពចាស់បានបង្កើតឡើងស្ថិតក្រោមការដឹកនាំរបស់គណៈកម្មាធិការសាខា សហការជាមួយសាលាគណខេត្ត តាមសេចក្តីសម្រេចលេខ ០០៥ សស.កក្រក.កច ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណងជួយសាងសង់និងផ្តល់ផ្ទះជាអំណោយមហាសាលនដល់ទុរគតជន និងជនងាយរងគ្រោះទាំងឡាយណាដែលលំបាកខ្វះខាត ហើយត្រូវការជម្រកសម្រាប់ស្នាក់នៅពិតប្រាកដ ដោយមិនរើសអើង មិនប្រកាន់សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ស្រី សុភ័ក្ត្រ បានបន្តថា គិតចាប់ពីខែមីនា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៤នេះ កម្មវិធីបានសម្រេចសាងសង់ និងប្រគល់ផ្ទះមនុស្សធម៌បាន២២ខ្នង បង្គន់អនាម័យ២បន្ទប់ និងអណ្តូងទឹកស្អាត១កន្លែង ក្នុងនេះអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១ខ្នង អំណោយសាខាផ្ទាល់១ខ្នង អំណោយសប្បុរសជន៣ខ្នង និង១៧ខ្នងទៀត ជាការចូលរួមបដិភាគពីលោក អ៊ុន ចាន់ដា ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះមេគណខេត្ត សប្បុរសជន និងក្រុមការងារកៀរគរ និងគ្រប់គ្រងមូលនិធិខេត្ត។ ក្នុង២២ខ្នងផ្ទះនេះ សាខាបានសម្រេចផ្តល់ជូនចាស់ជរាគ្មានទីពឹង១១គ្រួសារ ជនមានពិការភាព៥គ្រួសារ អ្នកផ្ទុកមេរោគអេដស៍១គ្រួសារ និងជនទ័លលំបាក៥គ្រួសារ ដែលនៅស្រុកោះសូទិន៤ខ្នង ស្ទឹងត្រង់៣ខ្នង បាធាយ២ខ្នង កំពង់សៀម៥ខ្នង ជើងព្រៃ២ខ្នង កងមាស៣ខ្នង ចម្ការលើ២ខ្នង និងស្រុកព្រៃឈរ១ខ្នង។
លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន និងអង្គការដៃគូនានាមេត្តាបន្តចូលរួមឧបត្ថម្ភគាំទ្រ តាមរយ:ការចលនាចូលរួមជាសមាជិកភាពមូលនិធិ និងចូលរួមបង់វិភាគទានតាមការស្ម័គ្រចិត្ត និងលទ្ធភាពដល់កម្មវិធីផ្តល់ផ្ទះមនុស្សធម៌ខេត្តកំពង់ចាមនេះឱ្យបានច្រើនកុះករជាបន្តទៀត ដើម្បីជួយសង្គ្រោះ ជួយដោះស្រាយទុក្ខលំបាកជនក្រីក្រ ងាយរងគ្រោះជាអាទិភាពទាំងឡាយ ដែលខ្វះលទ្ធភាព ហើយត្រូវការលំនៅដ្ឋានស្នាក់នៅ៕