(ភ្នំពេញ)៖ ពិភពលោកធ្លាប់រងនូវភាពជូរចត់ខ្ទេចខ្ទាំរួចមកហើយនូវព្រឹត្តិការណ៍សង្គ្រាមត្រជាក់ (១៩៤៥-១៩៩១) ដែលកើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) ខណៈពេលបច្ចុប្បន្ននេះ ផ្នែកខ្លះរបស់ពិភពលោកបាននិងកំពុងកើតមានសង្គ្រាមមិនទាន់ចប់នៅឡើយ ដោយដើមចមនៃសង្គ្រាមសម័យថ្មីនេះ មិនត្រឹមតែកើតឡើងដោយសារមនោគមវិជ្ជានយោបាយប៉ុណ្ណោះទេ តែក៏បណ្ដាលមកពីការប្រកួតប្រជែងទីផ្សារ និងបច្ចេកវិទ្យាផងដែរ។

ទាំងនេះគឺជាការថ្លែងដោយមិនស្ទាក់ស្ទើររបស់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នាសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៩ ស្ដីពីតម្លៃវប្បធម៌ឥណ្ឌូប៉ាស៊ីហ៊្វិក៖ វប្បធម៌សន្ដិភាពក្នុងយុគសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ដែលធ្វើឡើងនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

ផ្ដើមដោយប្រយោគអាសន្នថា «សង្គ្រាមត្រជាក់បានវិលត្រឡប់មកវិញហើយ!» លោកបណ្ឌិត សុខ ទូច បានចង្អុលបង្ហាញទៅកាន់ទិដ្ឋភាពសង្គ្រាមនិងវិបត្តិនៅបណ្ដាប្រទេសមួយចំនួន ដូចជានៅប្រទេសអ៊ុយក្រែន នៅតំបន់មជ្ឈិមបូព៌ា នៅឧបទ្វីបកូរ៉េ នៅប្រទេសបង់ក្លាដែស ប្រទេសស៉ីរីជាដើម។

បណ្ឌិតវោហារមិនសំចៃពាក្យពេចន៍រូបនេះបានបន្តថា ខុសពីសង្គ្រាមត្រជាក់ឆ្នាំ១៩៤៥-១៩៩១ ដែលកើតឡើងដោយសារការប្រកួតប្រជែងមនោគមវិជ្ជាមូលធននិយម និងសង្គមនិយម ប៉ុន្តែការរើបឡើងវិញនៃសង្គ្រាមត្រជាក់ថ្មីនេះ គឺកើតចេញពីបុព្វហេតុចំនួន៣ គឺមនោគមវិជ្ជាមូលធននិយម មនោគមវិជ្ជាសង្គមនិយម និងការប្រកួតប្រជែងទីផ្សារ។ លោកថា ទីផ្សារ ដើរតួនាទីធំណាស់ក្នុងការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ តែមិនមែនជាមនោគមវិជ្ជានយោបាយនោះទេ។ បណ្ដាប្រទេសដែលប្រកាន់លទ្ធិសង្គមនិយម ក៏អាចចាប់ដៃធ្វើទីផ្សារជាមួយបណ្ដាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យបាន ម្យ៉ាងទៀតប្រទេសដែលប្រកាន់លទ្ធិមូលធននិយម ក៏អាចចាប់ដៃគូសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដែលប្រកាន់សាសនានិយមបានដែរ ប៉ុន្តែក្នុងបញ្ហាសេដ្ឋកិច្ចក៏មានករណីពាក់មុខយក្សដាក់គ្នាផងដែរ (មានទំនាស់សេដ្ឋកិច្ច-ពាណិជ្ជកម្ម) ដើម្បីផលប្រយោជន៍ប្រទេសរៀងៗខ្លួន។

អ្វីដែលជាការព្រួយបារម្ភរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងយុទ្ធសាស្ត្រទីផ្សារនាពេលបច្ចុប្បន្ន ក៏បានកើតមាននូវការប្រកួតប្រជែងដោយគ្មានសីលធម៌។ លោកថា ពីមុនពិភពលោកមានក្រមសីលធម៌ផលិតផល គោរពច្បាប់កម្មសិទ្ធិបញ្ញា ប៉ុន្តែឥឡូវលែងមានអស់ហើយ គឺដោយសារការលួចចម្លងពីផលិតផលនានាដែលមានការពេញនិយមខ្លាំង និងមានតម្លៃខ្ពស់ ហើយយកមកលក់ចែកចាយក្នុងបណ្ដាប្រទេសក្រីក្រ គ្មានការគោរពច្បាប់កម្មសិទ្ធិបញ្ញាអ្វីទៀតឡើយ។ លោកបានបន្តទៀតថា ខណៈដែលទីផ្សារកំពុងមានការប្រកួតប្រជែងខ្លាំងនេះ ប្រសិនបើអ្នកបង្កើត ឬអ្នកចម្លងទាំងនោះគ្មានសីលធម៌ទេ នោះពិភពលោកនឹងជួបឧបសគ្គ។

មិនត្រឹមតែការប្រកួតប្រជែងទីផ្សារប៉ុណ្ណោះទេ «ការប្រកួតប្រជែងបច្ចេកវិទ្យា» ក៏ធ្វើឱ្យបណ្ដាប្រទេសមួយចំនួន ពិសេសប្រទេសមហាអំណាចពាក់មុខយក្សដាក់គ្នាដែរ តែយ៉ាងណាមហាអំណាចទាំងនោះមិនដែលជល់គ្នាដោយផ្ទាល់នោះទេ គឺពួកគេប្រើប្រាស់តែប្រទេសតូចតាច ឬប្រទេសទន់ខ្សោយឱ្យឈ្លោះគ្នាប៉ុណ្ណោះ។ ចំណុចនេះយើងអាចមើលយល់បានថា «ការប្រកួតប្រជែងបច្ចេកវិទ្យា» គឺជាការសម្ងែងអួតអាងប្រកួតប្រជែងនូវផលិតផលបច្ចេកវិទ្យារបស់ប្រទេសមហាអំណាចទាំងនោះ។

បណ្ឌិតចាស់វស្សារូបនេះបានពន្យល់បន្ថែមថា យន្តការនៃការប្រកួតប្រជែងបច្ចេកវិទ្យានេះ គឺធ្វើឡើងតាមរយៈការបញ្ចូលនូវពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកថា ប្រជាធិបតេយ្យមិនអាចកាត់ផ្ដាច់ពីវប្បធម៌បានទេ វប្បធម៌គឺដើរតួនាទីសំខាន់ណាស់ កាលណាយើងរៀបចំច្បាប់ ឬប្រព័ន្ធគ្រប់គ្រងប្រទេសនីមួយៗ គឺហាក់ដូចជាឆ្លុះបញ្ចាំងពីវប្បធម៌ប្រទេសទាំងនោះដូច្នោះដែរ។

បញ្ហាទាំងនេះហើយ ដែលលោកបណ្ឌិត សុខ ទូច ឆ្លុះបញ្ចាំងឱ្យឃើញពីភាពអាសន្នរបស់ពិភពលោកនៅចំពោះមុខសង្គ្រាមត្រជាក់សម័យថ្មីនេះ តួយ៉ាងដូចជា សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន សង្គ្រាមនៅមជ្ឈិមបូព៌ា ទំនាស់នៅឧបទ្វីបកូរ៉េ រដ្ឋប្រហារទម្លាក់ប្រធានាធិបតីកូរ៉េខាងត្បូងដែលប្រើប្រាស់កម្លាំងកងទ័ព (ខុសពីរដ្ឋធម្មនុញ្ញរបស់ប្រទេសខ្លួន) រដ្ឋប្រហារនៅប្រទេសបង់ក្លាដែស នៅប្រទេសស៉ីរីជាដើម។

លោកបណ្ឌិតបានរំឭកទាំងឈឺចាប់ថា ព្រឹត្តិការណ៍ជូរចត់ទាំងនេះ កម្ពុជាបានឆ្លងកាត់រួចអស់ហើយ តំណក់ទឹកភ្នែក តំណក់ឈាមរបស់ប្រជាជនខ្មែរ គឺសុទ្ធតែហូរដាបព្រះធរណីដោយសារពួកមហាអំណាចនាជំនាន់នោះ (សម័យសង្គ្រាមត្រជាក់) ដែលយកកម្ពុជាជាទីលានសាកអាវុធ និងមនោគមវិជ្ជា។ ដូច្នេះសូមឱ្យពិភពលោកមើលឃើញពីមេរៀននៅកម្ពុជា ហើយកម្ពុជាក៏មិនកំណាញ់ក្នុងការចែករំលែកបទពិសោធន៍ទាំងនេះទៅដល់ដៃគូអន្តរជាតិនោះឡើយ ពិសេសគឺនយោបាយបញ្ចប់សង្គ្រាមជាស្ថាពរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមកិច្ចខិតខំរបស់ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងសម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃនយោបាយឈ្នះ-ឈ្នះ៕