(ព្រះសីហនុ)៖ លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា គម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ដែលមានរយៈពេល១៥ឆ្នាំសម្រាប់អនុវត្ត គឺមានការងារធំៗចំនួន៣ ដើម្បីផ្ដល់បរិយាកាសងាយស្រួល និងសម្រួលដល់វិនិយោគិន និងធុរជនជាតិ និងអន្តរជាតិ ដែលមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនេះ។​

លោក ជា កុកហុង បានមានប្រសាសន៍បង្ហាញពីកិច្ចការងារធំៗទាំង៣ រួមមាន៖ (១) ការៀបចំតំបន់សាកល្បង ដើម្បីសម្រួលពាណិជ្ជកម្មឡូជីស្ទិកឧស្សាហកម្ម និងគិតគូរពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ, (២) រៀបចំស្ថាប័នអនុវត្ត ដែលមានទាំងថ្នាក់ជាតិ (ក្រុមប្រឹក្សាអភិវឌ្ឍន៍ ដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា) និងថ្នាក់ក្រោមជាតិ (រដ្ឋបាលសេដ្ឋកិច្ចពិសេស ដែលដឹកនាំដោយ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ) និង(៣) ផែនការមេចង្អុលបង្ហាញឱ្យមានក្រុមហ៊ុនអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ដែលត្រូវមានក្រុមហ៊ុនរដ្ឋ ជាអ្នកទាក់ទាញទុនពីវិស័យឯកជន។

ជាមួយគ្នានេះ លោក បានបន្តថា ទីតាំងខេត្តព្រះសីហនុនេះ ជាទីតាំងយុទ្ធសាស្រ្តដែលជួយជម្រុញពាណិជ្ជកម្មក្នុងតំបន់ ហើយកម្ពុជា ជាប្រទេសដែលបានចុះហត្ថលេខីជាមួយកិច្ចព្រមព្រៀងអន្តរជាតិ ដូចជាអាស៊ាន និងអាស៊ាប មានន័យថាអ្នកវិនិយោគទាំងអស់ ដែលមកបណ្ដាក់ទុននៅកម្ពុជា គេអាចនាំចេញទៅទីផ្សារទាំងនេះ ដោយមិនមានរនាំងគយនោះទេ៕