(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅកាន់ខេត្តហៃណាន ប្រទេសចិន គឺជាការចាក់បញ្ចូលនូវគុណតម្លៃដ៏មហាសាល នៃទំនាក់ទំនងយ៉ាងរឹងមាំខ្លាំងក្លាជាប្រពៃណីរវាងប្រទេសយើងទាំងពីរ។

លោកបណ្ឌិតបញ្ជាក់ថា ដំណើរបំពេញព្រះរាជទស្សនកិច្ច ក៏ជាការគូសរំលេចយ៉ាងច្បាស់ថាទំនាក់ទំនង រវាងកម្ពុជានិងចិនគឺជាទំនាក់ទំនងដែកថែប ជាទំនាក់ទំនងកល្យាណមិត្ត នៅគ្រប់កាលៈទេសៈ ដើម្បីពង្រឹងនិងពង្រីក នូវផលប្រយោជន៍កាន់តែធំ និងច្រើនមហាសាលបន្ថែមទៀតដល់ប្រជាជននៃប្រទេសយើងទាំងពីរ ហើយក៏ជាការប្រកាស ត្រៀមបើកទំព័រថ្មី ឆ្នាំ២០២៥ ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ដោយសារខេត្តហៃណានក៏ជាតំបន់ដែលមានសក្តានុពលខ្លាំង លើវិស័យទេសចរណ៍ និងមានភាពស្រដៀងគ្នាខ្លាំងនឹងប្រទេសកម្ពុជា ប្រសិនជាយើងពិនិត្យលើជ្រុងនៃអាកាសធាតុ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ សព្វព្រះរាជហឬទ័យស្តេចយាងបំពេញ ព្រះរាជទស្សនកិច្ចទៅកាន់ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។

ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជទាន ព្រះរាជសវនាការដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ។

ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្ត ហៃណាន នឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន