(កំពង់ធំ)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំយកនូវអង្ករចំនួន​ ១០តោន មីជាតិចំនួន ៥០០កេស ត្រីខកំប៉ុងចំនួន ១០០កេស និងទឹកត្រីទឹកស៊ីអុីវចំនួន ១,០០០យួរ មមកប្រគល់ជូនគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។ ​ពិធីនេះ​ប្រព្រឹត្ត​ទៅ​នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោក គីម ប៊ុនថាន បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។

លោកបានផ្ដាំផ្ញើ និងថ្លែងអំណរគុណឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំយ៉ាងសកម្មក្នុងការជួយដោះស្រាយការលំបាកខ្វះខាតជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅតាមបណ្ដាមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ យ៉ាងមមាញឹកដូចភ្លៀងរលឹម ហើយនិងបានណែនាំឲ្យបន្តសកម្មភាពនេះតទៅទៀត ដើម្បីបានជាប្រយោជន៍ដល់បងប្អូនអតីតយុទ្ធជនយើង។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរព និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចធិបតី ហ៊ុន​ ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាល លោកតែងតែឧបត្ថម្ភស្បៀងអាហារគ្រឿង ឧបភោគបរិភោគ និងសម្ភារផ្សេងៗ ជាបន្តបន្ទាប់ សម្រាប់ជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាត ជូនបងប្អូនអតីតយុទ្ធជន និងប្រជាជននៅក្នុងខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តបន្តសកម្មភាពនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគទាំងនេះ ទៅផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត ពិតប្រាកដ នៅតាមមូលដ្ឋាននានា និងសូមគោរពជូនពរសម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ និងបន្តដឹកនាំនាវាកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀត៕