(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដែលចុះទៅសិក្សាលទ្ធភាពបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

លោក នួន ផារ័ត្ន បានលើកឡើងអំពីស្ថានភាពទូទៅ និងសក្កានុពលក្នុងខេត្តកំពង់ធំ ជាពិសេសវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដូចជា ដំណាំ ស្រូវ ចន្ទី កៅស៊ូ ដំឡូងមី និងស្វាយកែវរមៀតជាដើម។

លោកបញ្ជាក់ថា ដំណាំចន្ទីនៅក្នុងខេត្តកំពង់ធំ មានផ្ទៃដីដាំដុះបាន១៥ម៉ឺន ហ.ត ផ្ទៃដីប្រមូលផលជាង ១៤ម៉ឺន ហ.ត និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហ.ត ក្នុង១ឆ្នាំ និងបរិមាណផលជាង២២ម៉ឺនតោន ស្មើនឹងប្រមាណ ៣០% ក្នុងក្របខណ្ឌទូទាំងប្រទេស។

គ្រាប់ស្វាយចន្ទីរបស់កម្ពុជា មានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ប៉ុន្តែការកែច្នៃនៅក្នុងស្រុកនៅមានតិចតួច ចំពោះផលិតផលចន្ទីឆៅភាគច្រើនត្រូវបានការនាំចេញទៅប្រទេសជិតខាង ហេតុដូច្នេះហើយបានជាសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជ្រើសរើសខេត្តកំពង់ធំ ជាមូលដ្ឋាន នៃការកែច្នៃគ្រាប់ស្វាយចន្ទី ដោយសារខេត្តកំពង់ធំ នៅចំកណ្ដាលនៃប្រទេសកម្ពុជា។

លោកបន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទាក់ទងនឹងវិស័យស្វាយចន្ទីរបស់ខេត្តកំពង់ធំ សម្ដេចមហាបវរធិបតី បានអនុញ្ញាតឲ្យរដ្ឋបាលខេត្តបង្កើតជាសួនកសិ-ឧស្សាហកម្ម ផ្តោតសំខាន់លើការកែច្នៃគ្រាប់ ស្វាយចន្ទីមួយកន្លែង ដែលមានផ្ទៃដីទំហំប្រមាណជិត៦០០ ហ.ត មានចម្ងាយពីទីរួមខេត្តជិត១៣គីឡូម៉ែត្រ។

លោកថា «នៅថ្មីៗនេះ យើងបានអបអរសាទរគ្រាប់ស្វាយចន្ទីរខេត្តកំពង់ធំ បានចូលទៅក្នុងទីផ្សារសហគមន៍អឺរ៉ុបជាលើកដំបូងរបស់ខ្លួន រហូតដល់ ២៥០តោន/១ឆ្នាំ តាមរយៈក្រុមហ៊ុនមីរ៉ាត់ (Mirarth) របស់ប្រទេសជប៉ុន ដែលមានទីតាំងក្នុងខេត្តកំពង់ធំ»

លោក នួន ផារ័ត្ន បានថ្លែងអំណរគុណគណៈប្រតិភូកូរ៉េ ដែលបានអញ្ជើញមកចុះសិក្សាលទ្ធភាពបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ ដែលឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយក្នុងនាមអាជ្ញាធរខេត្ត លោកសូមស្វាគមន៍ និងរង់ចាំជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ។

បន្ទាប់ពិភាក្សារួចមក គណៈប្រតិភូកូរ៉េ បានចុះសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្ម គ្រាប់ស្វាយចន្ទី, ចុះពិនិត្យនៅរោងចក្រ MIRARTH Agri Tech, ជួបជាមួយសហគមន៍ស្វាយចន្ទី, ពិនិត្យទីតាំងសាងសង់ រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរបស់រដ្ឋ និងសហគមន៍ស្វាយចន្ទី ក៏ដូចជាជួបជាមួយកសិករដាំស្វាយចន្ទីផងដែរ៕