(ភ្នំពេញ)៖ បណ្ឌិតជនជាតិអាមេរិកម្នាក់ឈ្មោះ Kevin Nauen ជាគ្រូបង្រៀនផ្នែកទំនាក់ទំនងអន្តរជាតិ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញការយល់ឃើញថា សហរដ្ឋអាមេរិកនឹងមិនបិទ TikTok នោះទេ។

លោកបណ្ឌិត លើកឡើងបែបនេះ ក្នុងឱកាសលោកចូលរួមធ្វើបទបង្ហាញក្នុងសន្និសីទអន្តរជាតិ ប្រចាំឆ្នាំលើកទី១៩ ស្តីពីតម្លៃវប្បធម៌ឥណ្ឌូប៉ាស៉ីហ្វិក៖ វប្បធម៌សន្តិភាពក្នុងយុគសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា។

បើតាមលោកបណ្ឌិត Kevin Nauen រាល់ថ្ងៃនេះ មិនថាប្រជាជនលើពិភពលោក និងប្រជាជនអាមេរិកទេ គឺមានយុវជនច្រើនណាស់ ដែលប្រើប្រាស់ TikTok ក្នុងការរកចំណូល។

ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោកថ្លែងបន្តថា សម្រាប់អ្នកប្រើ TikTok, បើគេចូលចិត្តអ្នក អ្នកចូលចិត្តគេ មានន័យថា អ្នកទាំងពីរ ចូលចិត្ត TikTok ដូចគ្នា។

TikTok គឺជាវេទិកាដ៏ពេញនិយមបំផុតមួយ ដែលមានអ្នកប្រើប្រាស់នៅអាមេរិកជាង ១៧០លាននាក់ ក្នុងមួយខែ។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត ក៏បានបង្កើតគណនីវេទិកានេះ ដើម្បីធ្វើយុទ្ធនាការរកសំឡេងឆ្នោត នៅសហរដ្ឋអាមេរិកផងដែរ នាពេលថ្មីៗនេះផងដែរ។

គួរជម្រាបថា នៅក្រោមច្បាប់ថ្មី, TikTok នឹងត្រូវបានហាមឃាត់ ប្រសិនបើចង់មានវត្តមាននៅអាមេរិក លុះត្រាតែ ByteDance ព្រមលក់វា បើពុំដូចោ្នះទេនឹងបិទចោលត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះតែម្តង។ ច្បាប់នេះ ក៏ផ្តល់ឱ្យរដ្ឋាភិបាលអាមេរិក ក្នុងការហាមឃាត់កម្មវិធីគ្រប់គ្រងដោយបរទេសផ្សងទៀត ដែលអាចបង្កើនការព្រួយបារម្ភអំពីការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិកផងដែរ។

ពាក់ព័ន្ធសន្និសីទអន្តរជាតិខាងលើ លោកបណ្ឌិត Kevin Nauen បានស្នើដល់អ្នកលេង TikTok ឬបណ្តាញសង្គមដទៃទៀត ប្រើប្រាស់ពួកវា ដើម្បីបង្កើតសន្តិភាព ពោលគឺកុំផ្សព្វផ្សាយរឿងហិង្សា និងអសន្តិភាព៕