Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ មន្ទីរកិច្ចការនារីទាំង១០ខេត្ត ប្តេជ្ញាចូលរួមជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ App NoDrug នៅក្នុងដែនសមត្ថកិច្ច

19-12-2024 16:37

(សៀមរាប)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ​ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងបែបនេះ ក្រោយពេលដែលសិក្ខាកាមមកពីខេត្តចំនួន១០ ទទួលបានការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពចំណេះដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug : https://nodrugsnacd.com/download របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី «លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន» នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា មន្ទីរកិច្ចការនារីចំនួន១០ មកពីខេត្តសៀមរាប កំពត កោះកុង ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តប៉ៃលិន មានភាពសប្បាយរីករាយក្រៃលែង ហើយបានប្ដេជ្ញាចិត្តចូលរួមលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក៏ដូចជាអត្ថប្រយោជន៍ App NoDrug ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រជាសហគមន៍នៅក្នុងដែនសមត្ថកិច្ចរបស់ពួកគាត់។

ឧត្ដមសេនីយ៍ត្រី យិន យឿត ដែលជាគ្រូឧទ្ទេសផ្តល់ធាតុចូល ក្នុងវគ្គបណ្ដុះបណ្ដាលនោះ បានប្រាប់ឱ្យដឹងបន្ថែមទៀតថា សិក្ខាកាមទាំងអស់មានការចាប់អារម្មណ៍ខ្លាំងចំពោះApp NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយពួកគាត់យល់ថា App NoDrug នឹងអាចជួយប្រជាពលរដ្ឋ ក៏ដូចជាប្រជាសហគមន៍របស់ពួកគាត់ ឲ្យចាក់ផុត បានពីបញ្ហាគ្រឿងញៀន និងចូលរួមចំណែករាយការណ៍ រាល់គ្រប់ករណីនៃបទល្មើសគ្រឿងញៀន ដែលកើតមាននៅក្នុងសហគមន៍របស់ពួកគាត់ ជូនដល់អាជ្ញាធរមានសមត្ថកិច្ច៕