(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អ្នកណាក៏ដោយឲ្យតែបានទៅដល់ប្រាសាទអង្គរវត្ត នឹងក្លាយជាអ្នកការទូតវប្បធម៌សម្រាប់កម្ពុជា។

លោកបណ្ឌិត គិន ភា លើកឡើងបែបនេះ ក្នុងឱកាសលោកចូលរួមធ្វើបទបង្ហាញក្នុងសន្និសីទអន្តរជាតិ ប្រចាំឆ្នាំលើកទី១៩ ស្តីពីតម្លៃវប្បធម៌ឥណ្ឌូប៉ាស៉ីហ្វិក៖ វប្បធម៌សន្តិភាពក្នុងយុគសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

លោកបណ្ឌិតបានលើកឡើងបន្តថា អង្គរវត្តជាសំណង់អច្ឆរិយណាស់ ហើយពេលលោកបានឃើញប្រាសាទនេះជាលើកដំបូង នៅឆ្នាំ២០០០ លោកចាប់ចិត្ត និងកោតសរសើរស្នាដៃដូនតាខ្មែរជាពន់ពេក។ លោកយល់ថា មនុស្សខ្មែរដែលអាចកសាងសំណង់ដ៏អស្ចារ្យបែបនេះ មិនមែនជាក្រុមមនុស្សធម្មតាទេ គឺពួកលោកមានចំណេះដឹងច្បាស់លាស់ ផ្នែកស្ថាបត្យកម្មតែម្តង។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានស្នើដល់ភ្ញៀវជាតិ និងអន្តរជាតិ កុំភ្លេចទៅទស្សនាប្រាសាទអង្គរវត្ត ឲ្យបានម្តងក្នុងមួយជីវិត។

សូមជម្រាបថា ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើង ក្នុងព្រះបាទសូរ្យវម៌្មទេវ ទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ៕