(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា បានលើកឡើងថា ការគ្របដណ្តប់សុខភាពជាសកលក៏ជាកត្ដាគន្លឹះមួយ ដែលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»។ សិក្ខាសាលានេះ មានការចូលរួមពី តំណាងក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងផែនការ, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, បេឡាជាតិសន្តិសុខសង្គម, និយ័តករធានារ៉ាប់រងកម្ពុជា, មូលនិធិជាតិជំនួយសង្គម, វិទ្យាស្ថានជាតិសុខភាពសាធារណៈ ព្រមទាំងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា ដែលអ្នកចូលរួមសរុបប្រមាណ១០០នាក់។
សិក្ខាលាលានេះ មានគោលបំណងចម្បង ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរនូវគោលបំណងរួម ខ្លឹមសារ និងសារៈសំខាន់ នៃផែនទីបង្ហាញផ្លូវ, មុខងារ និងភារកិច្ចរបស់ក្រសួង-ស្ថាប័ននីមួយៗ ដែលត្រូវចូលរួមអនុវត្តផែនទីបង្ហាញផ្លូវនេះ, ក៏ដូចជាបង្កើនសហការ និងលើកកម្ពស់យន្តការអភិបាលកិច្ច ដើម្បីបម្រើដល់ការតម្រង់ទិស,ការសម្របសម្រួល, ការអនុវត្តក៏ដូចជាដំណើរការតាមដាននិងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ដរាល់គោលនយោបាយ, យុទ្ធសាស្រ្ដ និងអន្តរាគមន៍នានា ដែលបានកំណត់ និងចង្អុលបង្ហាញក្នុងផែនទីបង្ហាញផ្លូវ។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការគ្របដណ្តប់សុខភាពជាសកល ក៏ជាកត្ដាគន្លឹះមួយ ដែលរួមចំណែកដល់ការសម្រេច បាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ក្នុងទិសដៅនេះ កម្ពុជាត្រូវសម្របជាប្រចាំតាមនិន្នាការប្រែប្រួលសកល ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់ភាព ជាអ្នកដឹកនាំអភិបាលកិច្ច សមត្ថភាពស្ថាប័នគ្រប់កម្រិត និងភាពជាដៃគូ ប្រកបដោយបរិយាបន្ន ដោយផ្សារភ្ជាប់នឹងការធានាបាននូវគោលនយោបាយ សមស្រប និង សមត្ថភាពអនុវត្តជាក់ស្តែងលទ្ធផលការងារ និងការទទួលខុសត្រូវ ដើម្បីជម្នះរាល់ឧបសគ្គផងទាំងពួង ដែលមានភាពកាន់តែស្មុគស្មាញ»។
លោកបណ្ឌិតបានបន្ដទៀតថា ផែនទីបង្ហាញផ្លូវនេះ នឹងដើរតួជាមគ្គុទេសក៍សម្រាប់ការអនុវត្ត និងការវិនិយោគជាយុទ្ធសាស្ត្រ ឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកល ក្នុងរយៈពេល១២ឆ្នាំខាងមុខ ពោលគឺដល់ឆ្នាំ២០៣៥ ដោយកំណត់នូវជម្រើសគោលនយោបាយអាទិភាពសម្រាប់ការកែទម្រង់ស៊ីជម្រៅ តាមដំណាក់កាល តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសុខាភិបាលទាំងសាធារណៈ និងឯកជន សំដៅលើកកម្ពស់ ការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាពកាត់បន្ថយឱ្យបានជាអតិបរមានូវទំហំនៃចំណាយពីហោប៉ៅផ្ទាល់របស់ពលរដ្ឋ លើការថែទាំសុខភាព និងពង្រឹងប្រសិទ្ធភាពចំណាយសម្រាប់វិស័យសុខាភិបាល ដូចត្រូវបានកំណត់ជាគោលនយោបាយអាទិភាពចម្បងៗ នៅក្នុងវិមាត្រទាំង៣ ដែលមានភាពប្រទាក់ក្រឡា។
លើសពីនេះ លោកបណ្ឌិត ចន ណារិទ្ធ បានបន្ថែមថា ជាការពិតណាស់ ផ្លូវឆ្ពោះទៅ គ.ស.ស.មិនមែនជាលីនេអ៊ែរនោះទេ គឺវាទាមទារនូវវិធីសាស្រ្តពហុវិស័យ ប្រកបដោយមានភាពបត់បែន និងសម្របទៅនឹងភាពធន់ក្នុងការប្រឈម នឹងការផ្លាស់ប្តូរបរិយាកាសនយោបាយ សេដ្ឋកិច្ច និងសង្គម។ ការណ៍នេះ តម្រូវឱ្យមានការវិភាគ និងវាយតម្លៃជាប្រចាំអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា តាមរយៈយន្តការអភិបាលកិច្ច គ.ស.ស.សម្រាប់ជាមូលដ្ឋាន ក្នុងការកែសម្រួលយុទ្ធសាស្ត្រពាក់ព័ន្ធឱ្យបានទាន់ពេល និងបន្តជំរុញវឌ្ឍនភាពនៃដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា តាមការគ្រោងទុក។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា ការគ្របដណ្តប់សុខភាពជាសកល មិនមែនត្រឹមតែជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ មួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគប្រកបដោយយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍមូលធនមនុស្ស សំដៅលើកកម្ពស់សុខុមាលភាពសង្គម សមធម៌ កំណើនសេដ្ឋកិច្ច និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិផងដែរ។
សូមរំឮកដែរថា កាលពីថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋគ្រប់រូប ដោយចាត់ទុកការទទួលបានការថែទាំសុខភាព ជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និង ធានាថា គ្មានពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធ និង ត្រូវបានទុកចោល ដោយមិនមានការយកចិត្តទុកដាក់ ក្នុងការពិនិត្យ និង ការព្យាបាលថែទាំ ដោយប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»៕