(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌពោធិ៍សែនជ័យ ត្រូវបន្តយកចិត្តទុកដាក់ចូលរួម សហការសម្របសម្រួល ដោះស្រាយ និងជំរុញការអនុវត្តកិច្ចការនានាដើម្បីអភិវឌ្ឍ និងគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗ របស់រាជរដ្ឋាភិបាល សំដៅជួយលើកកម្ពស់ជីវភាព និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែល លោកអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥។

លោក ហេង សួរ បានថ្លែងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងពិនិត្យឆ្លងរបាយការណ៍បូកសរុបប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ អនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងដើម្បីពង្រឹងកិច្ចសហការរវាង ថ្នាក់ដឹកនាំនិងរដ្ឋបាលខណ្ឌ សង្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

តាមរយៈកិច្ចប្រជុំនេះ លោករដ្ឋមន្រ្ដី ក៏បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ក្នុងការជំរុញលើកទឹកចិត្ត និងគាំទ្រដល់សង្កាត់ទាំង៧ ក្នុងខណ្ឌពោធិ៍សែនជ័យនេះ សម្រេចបានជាលទ្ធផលផ្លែផ្កា និងដាក់ទិសដៅអនុវត្តបន្តដោយផ្អែកលើភារកិច្ច និងការណែនាំរបស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមកម្មវិធីអាទិភាពគន្លឹះនានាដែលបានកំណត់ដោយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការកសាងថ្មី ការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាដើម។

ទន្ទឹមនេះ ក្រុមការងារក៏បានចូលរួមក្នុងការឆ្លើយតបទៅនឹងសំណើសំណូមពរ ទុក្ខកង្វល់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ បានជាបន្តបន្ទាប់តាមរយៈកម្មវិធីវេទិកាសាធារណៈដោយការចុះជួបផ្ទាល់ ស្ដាប់ផ្ទាល់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា សង្កាត់ទាំង៧ នៅក្នុងខណ្ឌពោធិ៍សែនជ័យរួមមាន៖ សង្កាត់ត្រពាំងក្រសាំង សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ សង្កាត់កាកាបទី១ សង្កាត់កាកាបទី២ និងសង្កាត់សំរោងក្រោម៕