(ភ្នំពេញ)៖ បើតាមអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ គឺចង់ប្រែក្លាយរដូវដែលមានភ្ញៀវតិច ឬ Low season ទៅជា Green season ដែលនៅតែរក្សាចំនួនភ្ញៀវទេសចរច្រើនដូច Hight season នោះគឺការទាក់ទាញទេសចរមូស្លីម មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។
វេទិកាទេសចរណ៍មូស្លីម ឆ្នាំ២០២៤ ដែលធ្វើឡើងនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ លោករដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា ភ្ញៀវទេសចរមូស្លីមមានតម្រូវការខុសពីទេសចរដទៃទៀត ដោយទាមទារឱ្យវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ត្រូវយកចិត្តទុកដាក់ និងរួមគ្នាគិតគូរអំពីតម្រូវការទាំងអស់នេះ រួមមាន៖ ម្ហូបអាហារហាឡាល បន្ទប់ ឬកន្លែងថ្វាយបង្គំ សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចមួយចំនួនទៀត នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។
ក្នុងពិធីបិទវេទិកាទេសចរណ៍មូស្លីម ឆ្នាំ២០២៤ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក កាទើ មហាំម៉ាត់ណោសស្រ៉ី ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នក្នុងវិស័យរដ្ឋ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍សូមចូលរួមជាមួយក្រសួងទេសចរណ៍ ដើម្បីសម្រេចតាមអនុសាសន៍របស់លោករដ្ឋមន្ត្រី ហួត ហាក់ ដែលចង់ប្រែក្លាយរដូវដែលមានភ្ញៀវតិច ឬ Low season ទៅជា Green season ដែលនៅតែរក្សាចំនួនភ្ញៀវច្រើនដូច Hight season នោះ។
លោក កាទើ មហាំម៉ាត់ណោសស្រ៉ី បានបន្តថា ព្រឹត្តិការណ៍នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ដែលក្រសួងទេសចរណ៍បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម៥ឆ្នាំ (២០២៣-២០២៧) សមស្របនឹងចក្ខុវិស័យរួមរបស់ក្រសួទេសចរណ៍ង និងបរិបទនៃវិស័យទេសចរណ៍សកលលោក ជាពិសេសរួមចំណែកលើកស្ទួយកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបណ្តាប្រទេសឥស្លាម ដូចដែលលោករដ្ឋមន្រ្តីបានលើកឡើងនាពិធីបើកវេទិកាទេសចរណ៍មូស្លីម ឆ្នាំ២០២៤នេះ។
លោករដ្ឋលេខាធិការក៏បានណែនាំ និងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី១. សូមឱ្យអង្គវេទិកាយកខ្លឹមសារ និងលទ្ធផលនៃវេទិកាឆ្នាំ២០២៤នេះ យកទៅអនុវត្តក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដែលយើងអាចតាមដានការអនុវត្តនិងវាយតម្លៃនាឱកាសវេទិកាលើកក្រោយ ឆ្នាំ២០២៥។
ទី២. សូមឱ្យវិស័យឯកជន និងភាគីពាក់ព័ន្ធបន្តកិច្ចសហការស្អិតល្មួតក្នុងការបន្តជំរុញការផ្សព្វផ្សាយ ក៏ដូចជារៀបចំកញ្ចប់ទស្សនកិច្ចឱ្យមានភាពសម្បូរបែប ពិសេសរួមគ្នារៀបចំព្រឹត្តិការណ៍នានា ដើម្បីជំរុញរំហូរទេសចរមូស្លីមឱ្យបានកាន់តែប្រសើរបន្ថែមទៀត។
ទី៣. ចូលរួមជំរុញយុទ្ធនាការ «ប្រជាពលរដ្ឋម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» និង «ទេសចរណ៍ដើម្បីទាំងអស់គ្នា និងទាំងអស់គ្នាដើម្បីទេសចរណ៍» ដូចប្រសាសន៍លោករដ្ឋមន្រ្តីលើកឡើងកាលពីព្រឹកមិញ។
ទី៤. អំពាវនាវឱ្យវិស័យឯកជនក្នុងស្រុកបន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ដូចជាម្ហូបអាហារ និងសេវាកម្មហាឡាល់ និងការបដិសណ្ធារកិច្ចមូស្លីម ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរមូស្លីម។
គួរជម្រាបថា ផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម គឺផ្តោតលើផែនការយុទ្ធសាស្រ្តចំនួន៥ រួមមាន៖ ១-ពង្រឹងនិងពង្រីកគុណភាពផលិតផល និងសេវាកម្មទេសចរណ៍មូស្លីម ២-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រួលការធ្វើដំណើរ និងការតភ្ជាប់ ៣-បង្កើនការផ្សព្វផ្សាយទៅកាន់គោលដៅទីផ្សារទេសចរណ៍មូស្លីម ៤-ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ និង៥-ការអភិវឌ្ឍធនធានមនុស្ស និងការបញ្ជ្រាបការយល់ដឹងដល់វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍៕