(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ អមដោយគណៈកម្មាធិការសាខា អនុសាខាក្រុង ក្រុមកាកបាទក្រហមកម្ពុជាប្រចាំឃុំវត្តតាមិម អ្នកស្ម័គ្រចិត្ត បានចុះប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់លោកស្រី អែ សុខគីម អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយមានកូន២នាក់ក្នុងបន្ទុក ជីវភាពក្រីក្រខ្លាំ ងដែលផ្ទះចាស់រងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមរបាយការណ៍របស់លោក នាង ចន្ទថារ៉ា អភិបាលស្រុកសង្កែ និងជាប្រធានអនុសាខាស្រុកសង្កែ បានឱ្យដឹងថា ក្រុមគ្រួសារអ្នកស្រី អែម សុខគីម អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយមានកូនស្រីចំនួន២នាក់ក្នុងបន្ទុក មានជីវភាពទីទ័លក្រ ហើយផ្ទះចាស់បានរងគ្រោះដោយអគ្គិភ័យទាំងស្រុង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។

លោកប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗនៅក្នុងរដូវវស្សានេះ ដែលពោពេលទៅដោយទឹកនៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បជៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយចំពោះក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅដ្ឋាន និងបំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាមមកលើកុមារក៏ដូចមនុស្សគ្រប់វ័យផងដែរ។

សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១៦ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះចំណាយថវិកា ៥,៥៥០ដុល្លារ មានទំហំ៤ម៉ែត្រ និង៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់ស័ង្កសី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រផងដែរ។

អ្នកស្រី អែ សុខគីម និងប្រជាពលរដ្ឋងាយរងគ្រោះមានក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលបានជម្រករស់នៅសមរម្យសម្រាប់រស់នៅជាមួយកូនៗទាំងពីរ ជាពិសេសការគិតគូររបស់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់អ្នកស្រី ធ្វើឱ្យអ្នកស្រីនិងក្រុមគ្រួសារមានភាពកាន់តែកក់ក្តៅ ការផ្តល់លំនៅដ្ឋាននាពេលនេះ គឺជាទ្រនំជីវិតថ្មីដែលលោកស្រីនិងកូនស្រីទាំង២នឹងកសាងជីវិតថ្មីឱ្យបានល្អប្រសើរ ហើយនេះជាអំណោយដ៏មានសារសំខាន់បំផុតសម្រាប់ជីវីតរបស់អ្នកស្រី។

អ្នកស្រីសន្យាថា ផ្ទះថ្មីនេះ បើទោះបីជាក្រលំបាកយ៉ាងណាក៏ផ្តាំកូនផ្តាំចៅមិនឱ្យលក់ជាដាច់ខាត អ្នកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរពីសុខទុក្ខនិងលើកទឹកចិត្ត ព្រមទាំងបានផ្តល់ថវិកាសម្រាប់ការផ្គត់ផ្គង់គ្រួសារ។

ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះ រួមមាន៖ អង្ករ១០០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ ត្រីខ២យួរ ទឹកបរិសុទ្ធ៤កេស និងថវិកា៤០ម៉ឺនរៀល ដោយឡែក គ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រមកពី៧ភូមិក្នុងឃុំហប់ ចំនួន៥០គ្រួសារ ដោយមួយគ្រួសារទទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ផងដែរ៕