(កំពង់ឆ្នាំង)៖ ក្រុមគ្រួសាររបស់អតីតយុទ្ធជននៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានចូលបំភ្លឺជូនសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធការចោទប្រកាន់កាលពីពេលកន្លងមករឿងកាប់ដើមដូង និងដើមគរងាប់ចំនួន២ដើម នៅក្នុងដីតាំងពីសង្គមចាស់ ដែលពួកគាត់ទាំង៣នាក់ បានកាន់កាប់យូរណាស់មកហើយ។ កាលនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួន តែក្រោយមកដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ។
សម្រាប់អង្គសវនាការកាលពីម្សិលមិញនេះ ក៏មានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ និងសាក្សីរបស់អ៊ុំប្រុស អ៊ុំស្រីទាំង៣នាក់ ព្រមទាំងក្រុមការងារអ្នកសារព័ត៌មានបានចូលរួមស្ដាប់ផងដែរ។ ក្នុងអង្គសវនការនោះ តំណាងអយ្យការក៏បានសំណូមពរដោយស្នើសុំឲ្យអ៊ុំប្រុសអ៊ុំស្រីទាំង៣នាក់បានរួចខ្លួនផងដែរ។ លោកបញ្ជាក់ថា សវនាការនេះនឹងប្រកាសសាលក្រមនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
បន្ទាប់ពីបញ្ចប់សវនាការនៅសាលាដំបូងខេត្តរួចមកអ៊ុំប្រុស និងអ៊ុំស្រីទាំង៣នាក់ ក៏បានអញ្ជើញទៅទទួលអំណោយជាគ្រឿងឧបភោគបរិភោគ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង ដោយមានការឧបត្ថម្ភពីលោកប្រធានមន្ទីរ ដែលបានរៀបចំទុកជូនពួកគាត់ ក្នុងនោះមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុងមួយចំនួន សម្រាប់ដោះស្រាយជីវភាពបានមួយរយៈផងដែរ។
លោកពូ ព្រំ សាង អាយុជិត៦០ឆ្នាំ ជាអតីតយុទ្ធជន និងជាយោធិនពិការម្នាក់, ប្រពន្ធឈ្មោះ ម៉ោញ ជន អាយុ៥៩ឆ្នាំ និងបងថ្លៃស្រីអាយុ៧០ឆ្នាំ (ស្រ្តីមេម៉ាយកូនមួយ) និងក្រុមគ្រួសារ ដែលបានជូនដំណើរ មកចូលរួមសវនាការខាងលើនេះ ពួកគាត់ទាំងអស់គ្នាបានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ថ្នាក់ដឹកនាំ ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលបានខ្នះខ្នែងជួយដល់ក្រុម គ្រួសាររបស់ពួកគាត់។
បើទោះជាសាលក្រមស្ថាពរមិនទាន់ចេញនៅឡើយក៏ដោយ ក៏ពួកគាត់នៅតែមានសង្ឃឹមយ៉ាងមុតមាំទុកជាមុនថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសលោកប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នឹងផ្ដល់យុត្តិធម៌ជូនពួកគាត់ប្រកបដោយភាពយុត្តិធម៌ និងសច្ចធម៌ជាក់ជាពុំខានឡើយ។ ពួកគាត់សូមថ្លែងអំណរគុណប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ដែលបានផ្ដល់នូវអំណោយជាគ្រឿងឧបភោគ បរិភោគ ដើម្បីជួយសម្រាលនូវជីវភាពរបស់ពួកគាត់បានមួយរយៈនេះ។
សូមរំលឹកថា ការចោទប្រកាន់ពួកគាត់ទាំង៣នាក់ បានកើតឡើងតាំងពីដើមខែមេសា ឆ្នាំ២០១៧មកម្ល៉េះ ដោយភាគីដើមបណ្តឹងបានពឹងមេធាវីប្តឹងទៅតុលាការ រហូតចាប់ខ្លួនពួកគាត់យកទៅដាក់គុកនៅដើមខែវិច្ឆិកានេះ។ ក្រោយពួកគាត់ជាប់គុក, ភាគីដើមបណ្តឹង និងគ្នីគ្នា បានទៅហ៊ុំព័ទ្ធដីមានជម្លោះនេះ ហើយក៏បានហ៊ុំព័ទ្ធដីស្រែរបស់ពួកគាត់ចំនួន២កន្លែង ដែលពួកគាត់តែងតែអាស្រ័យផលតាំងពីដើមមក។
យោងតាមសាលក្រមរបស់តុលាការខេត្តកំពង់ឆ្នាំង ដែលមានចៅក្រមលោក ម៉ុង មុនីសោភា, តំណាងអយ្យការលោក សាត ធីតា និងក្រឡាបញ្ជីលោក កាន់ វិសាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានសម្រេចផ្តន្ទោទោស ពួកគាត់ទាំង៣នាក់ ដាក់ពន្ធនាគារចំនួន២ឆ្នាំ និងរួមគ្នាសងសំណងចំនួន៨លានរៀលទៅឲ្យដើមបណ្តឹងឈ្មោះ ខាត់ ចាន់។
ទន្ទឹមពេលដែលពួកគាត់ត្រូវបានតុលាការឃុំខ្លួនកាលពីពេលកន្លងទៅ ក្រុមគ្រួសាររបស់ដើមបណ្ដឹងបានលបលួចទៅធ្វើរបងព័ទ្ធចូលដីស្រែរបស់ពួកគាត់ផងដែរ ហើយរហូតមកទល់ពេលនេះ មិនទាន់មានការ សម្របសម្រួលដើម្បីរុះរើចេញនោះទេ។ ពួកគាត់បានស្នើសុំដល់អភិបាលខេត្តកំពង់ឆ្នាំង ជួយអន្ដរាគមន៍លើករណីនេះផងដែរ៕