(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចុះពង្រឹងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សជ័យលាភី ក្នុងសម័យប្រឡង២២ សីហា ឆ្នាំ២០១៦ ចំនួន២៤២នាក់ ទូទាំងស្រុកកៀនស្វាយ ។
លោក ម៉ក់ ពេជ្ជរិទ្ធ បានសម្តែងពីមោទនភាពចំពោះសិស្សនៅស្រុកកៀនស្វាយ ដែលបានប្រឡងជាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយលោកក៏បានជំរុញសិស្សជ័យលាភីប្រឡង ជាប់បាក់ឌុបទាំងអស់ ឲ្យបន្តការខិតខំប្រឹងប្រែងសិក្សាបន្តទៅទៀត ដើម្បីពង្រឹងសមត្ថភាព ចូលរួមចំណែកជួយ កសាងប្រទេសជាតិឲ្យកាន់តែ រីកចម្រើនថែមទៀតពិសេស។ លោកបានថ្លែងបន្ដថា «កូនៗមានការវិវត្តន៍ហើយ ត្រូវតែចេះរៀបចំផែនការ ឲ្យបានច្បាស់លាស់ កំណត់ទិស ដៅឲ្យបានត្រឹមត្រូវចាត់ចែងការងារទៅតាមលទ្ធភាព និងសមត្ថភាពពិសេសចេះបង្កើនភាពជាអ្នកដឹកនាំ ទៅថ្ងៃមុខឲ្យកាន់តែប្រសើរ»។
លោកបានថ្លែងថា «ចំណេះវិជ្ជាមិនរង់ចាំយើងទេ ដូច្នេះកូនៗក្មួយៗត្រូវប្រឹងប្រែង ដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួន»។ លោកក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ ដោយសម្តេច បានប្រឹងប្រែងខ្លាំងក្នុងការរក្សាស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសប្រឹងប្រែងទាក់ទាញអ្នកវិនិយោគបរទេស មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សបញ្ចប់ការសិក្សា។
ក្រោយពិធីបញ្ចប់សំណេះសំណាល លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានឧបត្ថម្ភចំនួន ២០ម៉ឺនរៀល ក្នុងម្នាក់ៗដល់លោកគ្រូ អ្នកគ្រូ និងសិស្សជយលាភី ចំនួន២៤២នាក់ផងដែរ៕