(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកឡើងថា គណៈកិត្តិយស និងគណៈកម្មាធិការសាខា-អនុសាខា បន្តដឹកនាំមន្ត្រី-បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តបន្តរួមកម្លាំងសាមគ្គីភាព ពង្រឹងភាពធន់សហគមន៍ និងត្រូវសកម្មទ្វេដង និងត្រូវបន្តរួមគ្នាក្នុងការបណ្តុះឧត្តមគតិ និងស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌សន្តិភាព មានមនសិការ និងឆន្ទៈក្នុងការការពារបុព្វហេតុ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលស្របច្បាប់ និងរួមគ្នាប្រឆាំងឱ្យបានជាដាច់ខាតនូវព័ត៌មានក្លែងក្លាយបំពុលសង្គម ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា តាមអនុសាសន៍សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ការជំរុញបែបនេះរបស់លោក​ សួន សុម៉ាលីន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសលោកបានអញ្ជើញចូលរួមក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» និងបូកសរុបលទ្ធផលសកម្មភាពការងារអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា និងលើកទិសដៅអនុវត្តបន្ត។

លោក សួន សុម៉ាលីន បានថ្លែងថា បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សកម្មភាពការងារអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សម្រាប់រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ សូមកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តសកម្មភាពប្រកបដោយឆន្ទះ និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមផែនការដែលគ្រោងទុក។

លោកបានគូសបញ្ជាក់ថា ជាមួយគ្នានេះតាមរយៈខ្លឹមសារ មាននៅក្នុងសារលិខិតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្តីពីការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ពិតជាមានសារៈសំខាន់ណាស់ គឺក្នុងគោលបំណង សម្តែងនូវកត្តញ្ញូតាធម៌ ទទួលស្គាល់នូវស្នាដៃ និងគុណតម្លៃចំពោះការលះបង់ កម្លាំងកាយចិត្ត និងពេលវេលា របស់អ្នកស្ម័គ្រចិត្តរាប់លាននាក់ នៅទូទាំងសកលលោក ជាពិសេសប្រតិបត្តិករ ជួរមុខ នៅតាមមូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិ ដែលកំពុងរួមកម្លាំងសាមគ្គី ជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងមមាញឹក ក្នុងបេសកកម្មដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីបុព្វហេតុមនុស្សជាតិ សុខុមាលភាពសង្គម និងការអភិវឌ្ឍរីកចំរើន ក្នុងសុខសន្តិភាព របស់ភពផែនដីយើងនេះ។

បន្ថែមលើសពីនេះ លោក សួន សុម៉ាលីន បានផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា និងជាពិសេស ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះសមាជិក សមាជិកា កម្លាំងអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជាប្រតិបត្តិករជួរមុខរបស់កាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងសង្គមតាមរយៈកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អ បន្ដបំពេញការងារជាកម្លាំងស្នូល និងជាធនធានមនុស្ស ដ៏មានសារៈសំខាន់សម្រាប់ចូលរួមការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ក៏ដូចជាសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីក្រុមប្រតិបត្តិ មន្ទីរ អង្គភាព អនុសាខាក្រុង ស្រុក មន្ត្រីទំនាក់ទំនងយុវជន អ្នកស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលបានស្ម័គ្រចិត្តឥតឈប់ឈរលះបង់ពេលវេលាដ៏មានតម្លៃ ចូលរួមចំណែកបំពេញនូវសកម្មភាពមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ស្របតាមយុទ្ធសាស្រ្ត កាកបាទក្រហមកម្ពុជា ២០២១-២០៣០ «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។

លោកនាយករងសាខាខេត្ត បានឱ្យដឹងថា បច្ចុប្បន្នភាព អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចំនួន ២,៤២៧នាក់ នៅភូមិចំនួន ១,១៦៨ភូមិ និងយុវជន កក្រក ចំនួន២,៥៣៧នាក់ នៅវិទ្យាល័យចំនួន៣៣ ក្នុងខេត្តព្រៃវែង និងបានបណ្តុះបណ្តាលដល់យុវជន ចំនួន ៣៧វគ្គ (សាខា៣១វគ្គ និងអនុសាខា ៦វគ្គ) បំពាក់ឯកសណ្ឋាន និងផលិតប័ណ្ណសម្គាល់ខ្លួន យុវជនកាកបាទក្រហមកម្ពុជា ចំនួន៣៣ វិទ្យាល័យ ចំនួន២,៥៣៧នាក់៕