(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវតតាំងទល់នឹងក្រុមភ្ញៀវឡាវ នាម៉ោង ៦៖៣០នាទីល្ងាចនេះក្នុងពហុ កីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នៃវគ្គសន្សពិន្ទុជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ក្នុងចំណោម៤ប្រទេស ចូលរួមមានឡាវ ប៊្រុយណេ ទីម័រខាងកើត និងម្ចាស់ផ្ទះកម្ពុជា។
ជួបប្រកួតទល់នឹងក្រុមឡាវ នៅថ្ងៃបើកឆាកល្ងាចនេះ ជាឧបសគ្គធំសម្រាប់ក្រុមគោព្រៃកម្ពុជា ក្នុងការប្រជែងយកកៅអី ឡើងទៅវគ្គបន្តបង្រ្គប់ក្នុងពូល B ដោយមាន៣ក្រុមកំពុងរង់ចាំមុនស្រេចគឺ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម ក្នុងការ ប្រកួតជុំផ្តាច់ព្រ័ត្រនៅចុងឆ្នាំ២០១៦នេះ។
កម្ពុជា កំពុងលេងប្រកបដោយទំនុកចិត្ត និងសហការគ្នាបានល្អ ដោយមានអ្នកចូលរួមទស្សនាផ្ទាល់ច្រើន និងលេងក្នុង ទឹកដី ដែលបានយកឈ្នះក្រុមភ្ញៀវស្រីលង្កា ៤-០ បើទោះបីជាចាញ់ហុងកុង ២-០ ក្នុងមិត្តភាពនៅស្តាតអូឡាំពិកដូចគ្នា ក្រោយពេលប៉ះឡាវ ២ប្រកួតចុងក្រោយកាលពីឆ្នាំ២០១៥ ក្នុងមិត្តភាពអន្តរជាតិ កម្ពុជា លេងស្មើឡាវ ១-១ និងចាញ់ ២-១ វិញនៅទឹកដីឡាវ។
គិតចាប់តាំងពីឆ្នាំ២០០៤ មក រវាងក្រុមកម្ពុជា និងឡាវ ធ្លាប់មានប្រវត្តិជួបគ្នា៩ដង ក្នុងនោះដែរកម្ពុជា ធ្លាប់បានយកឈ្នះឡាវ តែ២ដងគត់ដោយលទ្ធផលបច្ចេកទេស ៤-២ និង ៣-២ ក្រៅពីចាញ់ ៥ដង ដោយលទ្ធផល ២-១ ៣-២ ១-០ ៤-២ និង ២-១ និងស្មើ ២ដង ដោយលទ្ធផល ១-១ និង ០-០។
មុនកម្ពុជា ប៉ះឡាវនាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្រុមជម្រើសជាតិប្រ៊ុយណេ ក៏ជួបប្រកួតទល់នឹងក្រុមទីម័រខាងកើត នាម៉ោង ៣៖៣០នាទីរសៀលនៅពហុកីឡដ្ឋានអូឡាំពិកដូចគ្នា ក្រោមតម្លៃសំបុត្រ ចូលទស្សនា ១ម៉ឺនរៀល ក្រោមដំបូល និងតម្លៃ ៥ពាន់រៀល នៅក្រៅដំបូល៕