(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការកត់សម្គាល់ថា នៅពេលបច្ចុប្បន្ននេះ ការប្រើប្រាស់គ្រឿងញៀនទាំងក្នុងសហគមន៍ និងបណ្ដាក្លឹបកម្សាន្ដមានការថយចុះគួរឲ្យកត់សម្គាល់។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងថា ការកត់សម្គាល់បែបនេះដោយផ្អែកតាមបូកសរុបរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងអាជ្ញាធររាជធានី-ខេត្ត។
លោកសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «មកទល់ម៉ោងនេះ ការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ និងតាមក្លឹបកម្សាន្ដមានការថយចុះ។ ទាំងជនជាតិខ្មែរក៏ដោយ និងជនបរទេសក៏ដោយឲ្យតែរកឃើញ គឺត្រូវអនុវត្តតាមច្បាប់។ នេះជាការដោះស្រាយកង្វល់របស់សង្គមទូទៅ ដែលយើងត្រូវខិតខំបន្ដទៀត»។
បើទោះបីស្ថានភាពល្អប្រសើរយ៉ាងណាក្ដី ប៉ុន្ដែឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងឋានៈជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំ និងក្រើនរំលឹកដល់មន្ដ្រីទាំងអស់ ពិសេសគណៈអភិបាលរាជធានី-ខេត្ត ត្រូវតែបន្ដខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការលួចប្រើប្រាស់ទាំងក្នុងសហគមន៍ និងទីតាំងសប្បាយភាពក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបង្ហាញនូវការព្រួយបារម្ភពីបញ្ហាប្រឈមនៃការនាំចូលគ្រឿងញៀនមកប្រទេសកម្ពុជា ដែលនៅតែបន្ដមាន។ ដោយឡែក ការលបលួចកែច្នៃនៅក្នុងប្រទេសកម្ពុជា ក៏មានការថយចុះផងដែរ។
លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀននាំចូលមកពីក្រៅប្រទេសជាង១១តោន ចាប់ខ្លួនមនុស្សជាង២ម៉ឺននាក់។ ក្នុងចំណោមករណីដែលសមត្ថកិច្ចកម្ពុជា បង្ក្រាបបានកន្លងមកឃើញថា ការនាំចូលច្រើនកើតមាននៅតាមផ្លូវគោក និងផ្លូវទឹក ក្នុងនោះមានទាំងបញ្ញើរប្រៃសណីយ៍ផងដែរ។
យ៉ាងណាក៏ដោយ លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ លើប្រតិបត្តិការនៃការបង្ក្រាបករណីនាំចូលគ្រឿងញៀននេះ តែត្រូវបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត៕