(បន្ទាយមានជ័យ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ បានចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយកុមារ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ និងការដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលអាងទឹកត្រពាំងថ្មីនេះ អាចស្ដុបទឹកបាន ១៨០លានម៉ែត្រគូប និងផ្ដល់ទឹកស្រោចស្រពលើផ្ទៃដីស្រូវវស្សា បានជិត៥ម៉ឺន ហិកតា។
លោក លឹម គានហោ បានបញ្ជាក់ដែរថា អាងទឹកត្រពាំងថ្ម គឹជាអាងទឹកដ៏សំខាន់មួយ ប៉ុន្ដែដោយសារជំនន់ឆ្នាំ២០១១ និងឆ្នាំ២០១៣ កន្លងទៅ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធអាងទឹកនេះ ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលតម្រូវឲ្យក្រសួងធ្វើការជួសជុលឡើងវិញជាបន្ទាន់ ដើម្បីធានាបាននូវការស្រូបយកទឹកជំនន់ពីស្ទឹងស្រែងផង និងរក្សាទឹកទុកបម្រើឲ្យការស្រោចស្រពដំណាំស្រូវ ទាំងវស្សា និងប្រាំង របស់កសិករនៅតំបន់នេះផង។
មកដល់បច្ចប្បន្ន ការងារជួសជុលឡើងវិញនេះ សម្រេចបានជាង ៩០ភាគរយ ហើយអាងទឹកត្រពាំងថ្មអាចស្តុកទឹកបាន ១៨០ លានម៉ែត្រគូប និងផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សា២៧.០០០ហិចតា និងស្រូវប្រាំង១៥.០០០ហិចតា។
បន្ទាប់ពីបានពិនិត្យការដ្ឋានអាងទឹកត្រពាំងថ្ម លោករដ្ឋមន្ត្រី បានបន្តចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយកុមារ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ដែលប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ជាប្រឡាយ ដោះទឹកជំនន់ផង និងប្រឡាយស្រោចស្រពផង។
លោករដ្ឋមន្ត្រី បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ពេលមានជំនន់ស្ទឹងស្រែង ឬពេលខ្លះដែលជំនន់ហូរធ្លាក់មកពីប្រទេសថៃ តំបន់ឃុំភ្នំលៀប និងឃុំជិតខាង តែងតែជោរជន់ និងលិចត្រាំក្នុងរយៈពេលយូរ ធ្វើឲ្យខូចខាតផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដោយពិនិត្យឃើញបញ្ហានេះ ទើបក្រសួងបានកសាងប្រឡាយនេះឡើង ដើម្បីរំដោះទឹកជំនន់ ទៅកាន់បឹងទន្លេសាបឲ្យបានឆាប់ ព្រមជាមួយនេះ វាក៏ជាប្រឡាយស្រោចស្រពផងដែរ។
លោក លឹម គានហោ បានបន្តថា ឥឡូវនេះ តួទំនប់អាងទឹកត្រពាំងថ្ម ត្រូវបានពង្រឹងរួចហើយ ឯប្រព័ន្ធរំដោះទឹក ក៏បានរៀបចំរួចហើយដែរ អ្វីដែលនៅសល់ គឺត្រូវធ្វើយ៉ាងណាទាញយកទឹកជំនន់ពីស្ទឹងស្រែង ទៅស្តុកទុកក្នុងអាងត្រពាំងថ្ម ឲ្យបានកាន់តែឆាប់ពេញ កុំឲ្យទឹកហូរចូលទៅបឹងទន្លេសាប ដោយឥតប្រយោជន៍ និងម្យ៉ាងទៀត គឺការទាញយកទឹកពីអាង មកប្រើប្រាស់ឲ្យអស់លទ្ធភាព។
ដើម្បីសម្រេចបាននូវទិសដៅនេះ លោករដ្ឋមន្ត្រី បានដាក់ផែនការឲ្យអ្នកបច្ចេកទេស សិក្សាដើម្បីសាងសង់ប្រឡាយមេ១ខ្សែទៀត មានប្រវែងប្រមាណ៨គីឡូមែត្រ ដើម្បីនាំទឹកពីស្ទឹងស្រែង មកបញ្ចូលក្នុងអាងត្រពាំងថ្ម ទន្ទឹមនឹងនេះ ការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងទឹកត្រពាំងថ្ម ក៏ត្រូវជម្រុញបន្តទៀត ដើម្បីពង្រីកលទ្ធភាពស្រោចស្រព ឲ្យបានកាន់តែទូលំទូលាយ និងរុញទឹកឲ្យចូលទៅ ដល់ស្រែរបស់បងប្អូនប្រជាកសិករ។
ទាក់ទង ទៅនឹងស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវវស្សា នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រាយការណ៍ជូនលោករដ្ឋមន្ត្រីថា ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សា បានបញ្ចប់ហើយ ដោយសម្រេចបានលើផ្ទៃដី ចំនួន ២៤៧,០១៥ ហិកតា ស្មើនឹង ១០០.៨២ភាគរយ នៃផែនការ ពោលគឺបានលើសផែនការ ២,០១៥ ហិកតា។ ចំពោះស្ថានភាពទឹក នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រនានា នៅពេលនេះ គឺមានពេញបរិបូណ៍ ដែលអាចធានាផ្គត់ផ្គង់ទាំងស្រូវវស្សា និងការផលិតស្រូវប្រាំង នាពេលខាងមុខ តាមផែនការកំណត់៕