(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅ​រសៀល​ថ្ងៃ​ពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រីកម្ពុជា និងមេទ័ពជើងអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក បានបង្ហាញ​ការ​ពេញចិត្តចំពោះការវិវឌ្ឍន៍លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​លើ​វិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ព្រមទាំងប្រកាសលើក​កម្ពស់​ឱ្យ​កាន់តែស៊ីជម្រៅ។

ក្នុងជំនួបនេះលោកមេបញ្ជាការ បានជម្រាបសម្តេចមហាបវរធិបតីថា ដំណើរ​ទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការ​បន្ត​កិច្ចប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេស​កិច្ច​សហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់លោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។

លោកមេបញ្ជាការបានសម្ដែងនូវការពេញចិត្តដែលនាវាចម្បាំងរបស់អាមេរិក USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចត​អស់រយៈ​ពេល ៨ឆ្នាំ។ លេីសពីនេះលោកមេបញ្ជាការ បានប្តេជាជំរុញកិច្ច​សហ​ប្រតិ​បត្តិ​ការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែសុីជម្រៅថែមទៀត តាម​រយៈ​ការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និង​ឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។

លោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម ដែល​នេះជាកាយវិការប្រកបដោយមនុស្សធម៌។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងការពេញចិត្ត និងវាយ​តម្លៃ​ខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​រវាង​កម្ពុជា-អា​មេ​រិក ព្រមទាំងបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ​ដំណើរទស្សន​កិច្ច​របស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។

តាមរយៈដំណើរ​ទស្សនកិច្ច​របស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savan​nah នេះ សម្ដេចមហាបវរធិបតីជឿជាក់ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត។

សម្ដេចមហាបវរធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត​សហ​ការ​ជាមួយសហរដ្ឋអាមេរិក ក្នុងការរុករកអដ្ឋិធាតុទាហានដែល​បាន​បាត់ខ្លួននៅកម្ពុជា។

សម្ដេចមហាបវរធិបតី និងលោកមេបញ្ជាការក៏បានពិភាក្សាអំពីលទ្ធភាព​នៃ​ការបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពមួយចំនួនរួមមាន៖ ការបណ្ដុះ​បណ្ដាល, កិច្ចសហប្រតិបត្តិការលើការរក្សាសន្ដិភាព​ក្រោមឆ័ត្ររបស់​អង្គការ​សហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន ជាដើម៕