(កំពង់ធំ)៖ រដ្ឋបាលស្រុកតាំងគោក នៃខេត្តកំពង់ធំ បានចេញសេចក្ដីបំភ្លឺថា កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ មានគេហទំព័រទន្លេសាបបានផុសកិច្ចសម្ភាសជាមួយកសិករនៅតំបន់តាអុកតាតេង ស្រុកតាំងគោក ករណីអាជ្ញាធរចុះទៅហាមឃាត់មិនឱ្យចូលទៅព្រោះស្រូវលើដីអាស្រ័យផលស្របច្បាប់។

ករណីខាងលើនេះ រដ្ឋបាលស្រុកតាំងគោកបានស្រាយបំភ្លឺចំពោះព័ត៌មានខាងលើ និងសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖

* ចំពោះការបង្កបង្កើនផលលើដីនៅក្នុងសហគមន៍តាអុកតាតេង គឺអាជ្ញាធរពុំមានការហាមឃាត់ទេ ទីតាំងដែលបានហាមឃាត់មិនទាន់ឱ្យអាស្រ័យផល គឺទីតាំងដីនោះមួយផ្នែកជាដីរបស់ប្រជាពលរដ្ឋសហគមន៍ជ្រោយកគោ និងមួយផ្នែកទៀតជាដីប្រជាពលរដ្ឋសហគមន៍អូរលួរ ហើយដីនេះកំពុងជាប់បណ្ដឹងពុំទាន់មានដំណោះស្រាយ ផ្អែកតាមសំណូមពររបស់ប្រជាពលរដ្ឋនៅសហគមន៍ទាំងពីរ គឺអាជ្ញាធរឃុំមិនទាន់អនុញ្ញាតឲ្យមានការបង្កបង្កើនផល ក៏ប៉ុន្តែលោក ប៉េង ធារ៉ា នៅតែបន្តមានះធ្វើលើទីតាំងដីទំនាស់ដដែល។ ករណីការបង្កបង្កើនផលលើដីរបស់ប្រជាពលរដ្ឋសហគមន៍ជ្រោយកគោ និងដីប្រជាពលរដ្ឋសហគមន៍អូរលួរនេះ រដ្ឋបាលឃុំបានអញ្ជើញមកណែនាំសម្រុះសម្រួល តែពុំទាន់មានការឯកភាពគ្នានៅឡើយ ដូច្នេះអាជ្ញាធរមិនអនុញ្ញាតឲ្យអាស្រ័យផលលើដីមានទំនាស់នេះទេ រងចាំការដោះស្រាយរួចរាល់សិន។

* ចំពោះការដែលលោក ប៉េង ធារ៉ា និយាយថាប្រជាពលរដ្ឋ១១៤គ្រួសារបានផ្តិតមេដៃប្រគល់ដីជូនគាត់ គឺជាករណីមិនពិតទេ ហើយកន្លងមកដីតំបន់តាអុកតាតេងនេះជាដីឪពុកក្មេក (លោក ប៉េង ធារ៉ា មិនមែនជាប្រជាពលរដ្ឋសមាជិកសហគមន៍តាអុកតាតេងទេ គឺរស់នៅនៅភូមិស្រះបន្ទាយ ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ)។

* ចំពោះលិខិតស្នាមដែលមានស្នាមមេដៃ គឺជាការផ្ទេរសិទ្ធពីឈ្មោះ ជា ឡា ឯកសារនេះមិនត្រឹមត្រូវ និងពុំមានហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរឡើយ។

* ចំពោះព្រំប្រទល់ដីរវាងសហគមន៍ជ្រោយកគោ និងសហគមន៍តាអុកតាតេង ស្ថិតនៅចម្ងាយប្រមាណ១,០០០ម៉ែត្រពីមាត់អាងតាអុកតាតេងទៅលិច។

* ចំពោះការដែលលើកឡើងថាបានវាស់វែងមានបង្កាន់ដៃនោះ គឺក្រុមការងារប្រព័ន្ធពុំបានវាស់លើដីមានបញ្ហាទំនាស់នោះទេ គឺវាស់វែងជូនសម្រាប់ដីដែលមិនមានបញ្ហាទំនាស់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ចំពោះអាជ្ញាធរបានហាមឃាត់គឺឃាត់លើសកម្មភាពដែលលោក ប៉េង ធារ៉ា បានធ្វើការភ្ជួររាស់បម្រុងសាបព្រួសលើផ្ទៃដីដែលកំពុងមានទំនាស់ជាមួយដីប្រជាពលរដ្ឋសហគមន៍អូរលួរ និងប្រជាពលរដ្ឋសហគមន៍ជ្រោយកគោ៕