(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យសមាជិកបក្សគណបក្សប្រជាជនកម្ពុជាត្រូវយកចិត្តទុកដាក់ទាំងការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីធានានិរន្តរភាពក្នុងការបំពេញការងារឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាព ហើយចំពោះគណៈចលនាមហាជន ក៏ដូចជាអង្គការចាត់តាំងបក្សទាំងអស់ត្រូវបង្កើនល្បឿនការងារបន្ថែម ដើម្បីធានាប្រៀបឈ្នះជូនគណបក្ស ពោលគឺត្រូវច្បាមយកកម្លាំងក្នុងគ្រប់ស្រទាប់មហាជន យុវជន ស្ត្រី កម្មករ និយោជិត និងកម្លាំងនៅក្នុងអង្គការសង្គមនានា ដើម្បីធានាឱ្យគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតនៅគ្រប់ដំណាក់កាល។

ការណែនាំបែបនេះធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

នាឱកាសនោះ សម្ដេចតេជោប្រធានគណបក្សបានឱ្យដឹងថា យោងតាមលទ្ធផលនៃការស្ទង់មតិដែលរៀបចំដោយគណៈចលនាមហាជនកាលពីពេលថ្មីៗនេះ បានបង្ហាញថា មហាជននៅបន្តរក្សាជំហរគាំទ្រចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបានបង្ហាញការគាំទ្រដល់ជួរអ្នកបន្តវេនជំនាន់ថ្មីដ៏មានសក្តានុពល ដែលគណបក្សបានអប់រំ បណ្តុះបណ្តាល និងត្រៀមលក្ខណៈយ៉ាងហ្មត់ចត់បំផុត។

បើគិតពីកម្រិតនៃការពេញចិត្ត ជារួម ប្រជាជនកម្ពុជាបានបង្ហាញនូវភាពពេញចិត្តជាទូទៅក្នុងកម្រិតលើសមធ្យម ដែលក្នុងនោះប្រធានបទចំនួន ៧ ទទួលបានការពេញចិត្តច្រើនជាងមធ្យមភាគ រួមមាន៖ សេវាអប់រំ, សេវាសុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ស្មារតីសង្គម, សន្តិសុខនិងការអនុវត្តច្បាប់, កំណើនសេដ្ឋកិច្ច, និងការងារកែទម្រង់។ ទន្ទឹមនេះក៏មានប្រធានបទមួយចំនួនទៀត ដែលទាមទារការយកចិត្តទុកដាក់បន្ថែម។

សម្ដេចតេជោបានបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់ គឺក្រុមយុវជនវ័យក្មេងអាយុ១៨-២៥ឆ្នាំ (Generation Z) និងក្រុមវ័យចំណាស់អាយុលើស៥០ឆ្នាំ (Generation X & Baby Boomers) បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជាងក្រុមវ័យដទៃទៀត ពិសេសក្រុមប្រជាជនវ័យកណ្តាលអាយុ២៦-៥០ឆ្នាំ (Generation Y) ដែលជាកម្លាំងសកម្មក្នុងកិច្ចការងារ ហើយកំពុងរងនូវសម្ពាធពីគំនិតទុទ្ទិដ្ឋិនិយម ឬព័ត៌មានក្លែងក្លាយបំភ្លៃដោយមជ្ឈដ្ឋានប្រឆាំងនិងអមិត្ត។ នៅពេលដែលនិយាយពីការរំពឹងទុកការចង់បានចំពោះមុខនេះ អ្វីដែលប្រជាជនគិត ឬយល់ឃើញ និងចង់បានបំផុត គឺជុំវិញការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ជារួម យើងអាចវាយតម្លៃបានថា សតិអារម្មណ៍នយោបាយ គឺផ្សារភ្ជាប់នឹងជីវភាព ការរស់នៅ និងសុខទុក្ខពិតប្រាកដរបស់ប្រជាជនផ្ទាល់តែម្តង ពោលគឺសម្ភារៈកំណត់មនសិការ ហើយមនសិការជះឥទ្ធិពលលើសម្ភារៈវិញ។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំថា «ឈរលើស្មារតីនេះ ការងារកសាងគណបក្ស ទោះបីជានៅថ្នាក់កណ្តាល ឬមូលដ្ឋានក្តី ត្រូវយកចិត្តទុកដាក់ទាំងការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីធានានិរន្តរភាពក្នុងការបំពេញការងារឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាព»។

សម្ដេចប្រធានណែនាំបន្ថែមថា «គណៈចលនាមហាជន ក៏ដូចជាអង្គការចាត់តាំងបក្សទាំងអស់ ត្រូវបង្កើនល្បឿនការងារបន្ថែម ដើម្បីធានាប្រៀបឈ្នះជូនគណបក្ស ពោលគឺត្រូវច្បាមយកកម្លាំងក្នុងគ្រប់ស្រទាប់មហាជន យុវជន ស្ត្រី កម្មករ និយោជិត និងកម្លាំងនៅក្នុងអង្គការសង្គមនានា ដើម្បីធានាឱ្យគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតនៅគ្រប់ដំណាក់កាលទាំងអស់»

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំចំពោះគណៈចលនាមហាជនគ្រប់ថ្នាក់ ត្រូវដើរតួនាទីសំខាន់ក្នុងការដឹកនាំ ណែនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជនរបស់គណបក្ស ក្នុងនោះការកំណត់គោលការណ៍ដឹកនាំ គ្រប់គ្រងការងារចលនាមហាជននៅតាមគ្រប់បណ្តាមូលដ្ឋាន ដើម្បីក្តាប់ឱ្យបាននូវតម្រូវការ សំណូមពរ និងសតិអារម្មណ៍ សំដៅឈានដល់ធ្វើការវិភាគចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់គណបក្ស ហើយកសាងនូវយន្តការដោះស្រាយសមស្របមួយ ដោយអាចចូលរួមជំរុញការអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្ស។ ការតាមដាន ស្វែងយល់ វិភាគសកម្មភាព និងឧបាយកលមជ្ឈដ្ឋានអមិត្ត ក៏ត្រូវបន្ថែមការយកចិត្តទុកដាក់ ដើម្បីមានវិធានការណ៍ឆ្លើយតបជាក់ស្តែងឱ្យបានសមស្របទាន់ពេលវេលាតាមគ្រប់មធ្យោបាយ៕