(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់នូវអនុសាសន៍ដល់គ្រប់អង្គការចាត់តាំងរបស់គណបក្សប្រជាជនកម្ពុជា ពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់លើការងារ៦ចំណុច។

ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញ​បិទ​​សន្និ​បាត​បូកសរុប​លទ្ធផល​ការ​ងារ​ ឆ្នាំ២០២៤ និងលើកទិសដៅការងារ​បន្តរបស់គណៈចលនាមហាជន​គណបក្ស​ប្រជា​ជនកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា។

សម្តេចបានលើកឡើងថា សន្និបាតនាពេលនេះ បានប្រព្រឹត្តទៅស្របពេលដែលគណបក្សបាន និងកំពុងយកចិត្តទុកដាក់លើ ការងារមហាជន ដែលជាកោសិកាដ៏រឹងមាំក្នុងការជ្រោងទង់គណបក្សបន្តប្រៀបឈ្នះដាច់ខាត។ ក្នុងន័យនេះ គណៈចលនាមហាជនគ្រប់ថ្នាក់ ត្រូវក្តាប់ឱ្យជាប់ទិសដៅភារកិច្ចដែលគណបក្សបានប្រគល់ជូន និងចូលរួម អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ជាមួយគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដោយផ្អែកលើអភិក្រមទាំង៥ គឺ *ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា ២ គឺ «កែទម្រង់ខាងក្នុង និងបង្កើនមិត្ត ខាងក្រៅក្នុងស្មារតីឯករាជ្យ»។ សមាជិក សមាជិកាទាំងអស់ មិនត្រូវភ្លេចខ្លួន និងលង់លក់ជាមួយនឹងជ័យជម្នះ បាត់ភាពប្រុងប្រយ័ត្ន ហើយប្រព្រឹត្តអំពើខុសឆ្គងដែលនាំឱ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង និងប៉ះពាល់ ដល់ជំនឿទុកចិត្តរបស់ប្រជាជនឡើយ។

ជាទិសដៅអនុវត្តបន្ត សម្តេចសូមផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់អង្គការចាត់តាំងរបស់គណបក្ស ពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់លើការងារមួយចំនួន ដូចខាងក្រោម៖

ទី១៖ បន្តថែរក្សាសន្តិភាព ស្ថិរភាព នៅកម្ពុជា ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលយើងសម្រេច បានដោយលំបាកបំផុត និងបន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិ និងប្រជាជន។

ទី២៖ បន្តពង្រឹង និងពង្រីកអង្គការចាត់តាំង, ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ គណៈចលនាមហាជនគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពិសេសត្រូវរៀបចំបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីបក្ស លើការងារមហាជន ទាំងគ្រូបង្គោល និងជនបង្គោលរបស់គណបក្ស រាជធានីខេត្ត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាព នៃការអនុវត្តការងារ និងការបំពេញតួនាទី ភារកិច្ច ឆ្លើយតបសំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាជន និងប្រទេសជាតិ នៅគ្រប់ ដំណាក់កាល ឱ្យបានទាន់ពេលវេលា។ លើសពីនេះទៀត ខ្ញុំស្នើឱ្យអង្គការចាត់តាំងចំណុះឱ្យ រចនាសម្ព័ន្ធគណបក្សប្រជាជនកម្ពុជាទាំងអស់ បន្តសហការគាំទ្រជាមួយគណៈចលនាមហាជន ក្នុងការអនុវត្តតាមទិសដៅ ដូចដែលបានដាក់ចេញក្នុងអង្គសន្និបាត ដើម្បីបន្តរក្សាភាពរឹងមាំ របស់គណបក្ស ឆ្ពោះទៅដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោត ឆ្នាំ២០២៧, ២០២៨ និងការ បោះឆ្នោតក្រោយៗទៀត។

ទី៣៖ នៅចំពោះមុខសភាពការណ៍ជាតិ និងអន្តរជាតិ ដែលមានការវិវត្តកាន់តែស្មុគស្មាញ ឥតឈប់ឈរ ហើយតម្រូវការ និងការរំពឹងទុករបស់ប្រជាជនយើងក៏បន្តប្រែប្រួលយ៉ាងឆាប់រហ័សនោះ, មន្ត្រី បក្សគ្រប់រូប ពិសេសគណៈចលនាមហាជន និងគ្រប់ផ្នែកចំណុះ ត្រូវបន្តធ្វើការងារនយោបាយ សតិអារម្មណ៍ឱ្យកាន់តែជាប់លាប់ ពិសេសការអនុវត្តយុទ្ធសាស្ត្រសាធារណមតិប្រតិសកម្ម និងបុរេសកម្ម ដោយត្រូវតាមដាន វាយតម្លៃសតិអារម្មណ៍ ការយល់ឃើញ របស់មហាជន ទាំងលើ ប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ ក្រោមរូបភាពជាការអង្កេតស្ទង់មតិពីចំណាប់ អារម្មណ៍ ការរំពឹងទុក និងកម្រិតនៃការពេញចិត្តរបស់ប្រជាជន លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សយើង ដោយមិនត្រូវផ្តេកផ្តួល ស្លឹកស្រពន់នោះឡើយ ព្រោះត្រូវចាំថា «ជំនឿ ទុកចិត្តដែលទទួលបានពីប្រជាជន ត្រូវការកសាងជាប្រចាំ និងត្រូវការរយៈពេលយូរ»។ ក្នុងន័យនេះ សូមស្នើឱ្យគណៈចលនាមហាជន បន្តការសិក្សាស្រាវជ្រាវដែលមានលក្ខណៈ វិទ្យាសាស្ត្រ ឱ្យបានទូលំទូលាយលើគ្រប់ទិដ្ឋភាពនៃសាធារណមតិ។

ទី៤៖ បង្កើនការងារបណ្តុះស្មារតីសាមគ្គីភាពសង្គម យុទ្ធនាការបណ្តុះគំនិតវិជ្ជមានដល់ប្រជាជន និង ការបង្កើនភាពកក់ក្តៅរវាងមន្ត្រីបក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាង ប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិត ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ, និង ពង្រឹងការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃណី និងបែបឌីជីថល ឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ពិសេសបញ្ញាសិប្បនិម្មិត AI ដើម្បីបង្កើន ទំនុកចិត្តលើការដឹកនាំរបស់បក្ស និងរាជរដ្ឋាភិបាល។

ទី៥៖ បន្តការដ្ឋានកំណែទម្រង់ ទាំងក្នុងបក្ស និងរដ្ឋ ដោយការធ្វើកំណែទម្រង់រដ្ឋ និងការធ្វើកំណែ ទម្រង់ក្នុងបក្សត្រូវតែដើរទន្ទឹមគ្នាទើបការកែទម្រង់ទទួលបានជោគជ័យ។ ត្រង់ចំណុចនេះ ត្រូវ បន្តជំរុញការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល ពិសេសត្រូវពន្លឿនការដោះស្រាយវិស័យសេដ្ឋកិច្ចសង្គម ដែលរងផល ប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីបន្ថយសម្ពាធលើបញ្ហាសេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជន។

ទី៦៖ បន្តចូលរួមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ការទូត សន្តិភាព មិត្តភាពជាមួយ ចលនាមហាជន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និងយុវជន នៃបណ្តាប្រទេស ជិតខាង និងប្រទេសជាមិត្តនានា ដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក៕