(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងកោតសរសើរដល់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលថ្មីៗនេះបានប្រកាសឱ្យមានការចុះបញ្ជីនៃក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​តាមប្រព័ន្ធឌីជីថល ដែលកាន់តែផ្ដល់ភាពងាយស្រួល និងកក់ក្ដៅដល់បងប្អូនអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានជំរុញមានឱ្យយកចិត្តទុកដាក់ចំពោះសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានខ្លាំង​ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទ​សន្និបាតបូកសរុប​លទ្ធផល​ការ​ងារ​ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណបក្ស​ប្រជា​ជនកម្ពុជា នៅវិមាន៧មករា ដោយមានការចូលរួមពីសមាជិក សមាជិកា អចិន្ត្រៃយ៍បក្ស ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល​គណ​បក្សជាច្រើនរូបទៀតផងដែរ។

សន្និបាតនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក្នុងតួនាទីជាស្ថាប័នជំនួយការឱ្យគណៈកម្មាធិការកណ្តាល លើការងារ​ដឹក​នាំ តម្រង់ទិស និងសម្របសម្រួលការងារ​ចលនាមហាជន​របស់​គណ​បក្ស ក្នុងស្រទាប់មហាជន រួមមាន យុវជន ស្ត្រី កម្មករនិយោជិត និងអង្គការ​សង្គម​នានា សំដៅរៀបចំទិសដៅការងារបន្ត ដែលឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់មហាជន ស្របតាមបរិបទនៃការវិវឌ្ឍថ្មីៗរបស់សង្គម។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងកោតសរសើរដល់រាជរដ្ឋាភិបាលលើការប្រមូលចំណូល និងបានជំរុញការយកចិត្តទុកដាក់ប្រមូល​ចំណូល​ឱ្យអស់លទ្ធភាពបន្ថែមទៀត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា សម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសម្តេចបានចាត់ទុក «ថ្នាលឌីជីថលចុះឈ្មោះ​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នេះជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨»

លក្ខណៈពិសេសសំខាន់ៗរបស់ថ្នាលមានដូចជា ការប្រើប្រាស់បច្ចេកវិទ្យា AI-Assisted ដើម្បីសម្រួលដល់ការបំពេញទិន្នន័យ, ការទាញយក​ទិន្ន​ន័យ​ដោយស្វ័យប្រវត្តិចេញពីអត្តសញ្ញាណប័ណ្ណ, ការចូលទៅប្រើ​ប្រាស់​ប្រព័ន្ធ​ដោយប្រើប្រាស់ថ្នាល CamDigiKey សម្រាប់មន្ត្រី និងបុគ្គលិក​ផ្នែកខាងក្រោយ ដើម្បីធានានូវការកំណត់អត្តសញ្ញាណរបស់អ្នក​ប្រើប្រាស់​បានត្រឹមត្រូវ និងច្បាស់លាស់ ការផ្លាស់ប្តូរទិន្នន័យ​តាមរយៈថ្នាល​ផ្លាស់ប្តូរ​ទិន្នន័យកម្ពុជា (CamDx) របស់រាជរដ្ឋាភិបាលកម្ពុជា ការបញ្ចាក់ភាព​ត្រឹម​ត្រូ​វ និងពិតប្រាកដរបស់វិញ្ញាបនបត្រតាមរយៈថ្នាល verify.gov.kh និង​កា​ផ្ទៀងផ្ទាត់ទិន្នន័យជាមួយទិន្នន័យ​អត្តសញ្ញាណកម្ម និងទិន្នន័យរបស់​រាជ​រដ្ឋាភិបាលទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធផ្អែកតាម​តម្រូវការ​ក្នុងការ​រៀប​ចំ និងផ្តល់កញ្ចប់អត្ថប្រយោជន៍ជូនប្រជាជនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងអនុញ្ញាតឱ្យមាន​មធ្យោ​បាយ​ចុះឈ្មោះជាច្រើនជម្រើស ជូនប្រជាពលរដ្ឋដោយឥត​បង់ថ្លៃ​សេវា និងតាមការស្ម័គ្រចិត្តដោយពឹងផ្អែកលើព័ត៌មានពីការធ្វើ​ស្វ័យ​ប្រកាស​។ ការចុះឈ្មោះនេះផ្តោតចំពោះក្រុមគោលដៅរួមមាន៖ សហគ្រាស​ធុន​មី​ក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិត​ម្តង​ម្កាល និង​បុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារ នៅក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ដើម្បីធានាដល់កិច្ចដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមការងារបានសាកល្បង ចំពោះក្រុមគោលដៅអ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ចំនួន ១៥១នាក់ ដែលជាលទ្ធផលបានបង្ហាញថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ភាគ​ច្រើន​រហូតដល់៧៣% បានចំណាយពេលចុះឈ្មោះ​ចន្លោះ​ពី ៥-១០​នាទី និង១៧% បានចំណាយពេលចុះឈ្មោះក្រោម ៥នាទី និង ១០% ចំណាយពេលលើសពី ១៥នាទី។

ប្រជាពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះលើថ្នាលឌីជីថលនេះ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធក្នុងទម្រង់​ឌីជីថល ដែលមានតម្លៃគតិយុត្តក្នុងកម្រិតមួយអាចប្រើប្រាស់​សម្រាប់​ទទួល​បានអត្ថប្រយោជន៍ពីកិច្ចអន្តរគមន៍របស់រាជរដ្ឋាភិបាល៕