(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងកោតសរសើរចំពោះល្បឿននៃការដោះស្រាយបញ្ហាដីធ្លី និងជំរុញបន្ថែមទៀតនៃដោះស្រាយបញ្ហាដីធ្លី និងការផ្ដល់ដីធ្លីដល់ប្រជាជនឱ្យចំគោលដៅ។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា។
សម្ដេចតេជោ គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមកោតសរសើរចំពោះល្បឿននៃការដោះស្រាយបញ្ហាដីធ្លី និងជំរុញបន្ថែមទៀតនៃដោះស្រាយបញ្ហាដីធ្លី និងការផ្ដល់ដីធ្លីដល់ប្រជាជនឱ្យចំគោលដៅ»។ ទន្ទឹមនេះ សម្ដេចតេជោ ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលដែលបានរៀបចំគណកម្មាធិការដោះស្រាយក្រៅប្រព័ន្ធតុលាការផងដែរ។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារនេះឲ្យបានលឿនតាមផែនការដែលបានគ្រោងទុក។ ដោយឡែក ចំពោះរាជធានី-ខេត្ត ដែលទទួលបានប័ណ្ណសម្គាល់អចលនទ្រព្យហើយនោះ ត្រូវតែពន្លឿនក្នុងការប្រគល់ជូនប្រជាពលរដ្ឋ ក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទម្លាក់ទៅដល់ដើម្បីឲ្យប្រជាពលរដ្ឋឆាប់បានប័ណ្ណនេះគ្រប់គ្រងដោយផ្ទាល់។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការចុះបញ្ជីដីបង្ហើយក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់ នៃព្រំកាន់កាប់ កាត់បន្ថយវិវាទដីធ្លី និងផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋឈានទៅកសាងសង្គមកម្ពុជាជា ភូមិឋានក្សេមក្សាន្ត។ កន្លងមកក្រសួងបានវាស់វែងដី និងចុះបញ្ជីបានចំនួន ៧លាន ៧សែនក្បាលដី និងបានចេញបណ្ណ៧លានប័ណ្ណ។
ក្រសួងបានវាស់វែងដីធ្លីបន្ថែមចំនួន៣លានក្បាលដី និងចេញប័ណ្ណចំនួន៥៩ម៉ឺនប័ណ្ណ។ ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់១,៥លានក្បាលដី នឹងត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ការវាស់វែងបញ្ចប់នេះ អនុញ្ញាតឲ្យក្រសួងអាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
ក្រសួងកំពុងដំណើរការវាស់វែងចុះបញ្ជី និងចេញបណ្ណដីរដ្ឋ និងដីសហមូហភាព ក្នុងនោះក៏មានដីតំបន់បឹងទន្លេសាបក្នុងខេត្តទាំង៦ ដីសម្បទានសេដ្ឋកិច្ច និងដីគរុភណ្ឌរបស់វត្តផងដែរ។ ក្នុងចំណោមវិវាទដីធ្លីចំនួន១៥,៦៩០ករណី ក្រសួងបានសម្របសម្រួលដោះស្រាយបាន១៤,៩១៩ករណី គឺនៅសល់តែ១,០៤១ករណីប៉ុណ្ណោះ។ ការដោះស្រាយធ្វើឡើងតាមរយៈ គណៈកម្មការសុរិយោដីថ្នាក់ជាតិ, អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី, ការប្រើប្រាស់មន្ត្រីក្រសួង និងមេធាវីស្ម័គ្រចិត្ត និងសហការជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា៕